អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរំលឹកដល់មន្ត្រីអនុវត្តច្បាប់ មកពីគ្រប់អង្គភាពក្នុងភូមិសាស្ត្រជាប់ព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-ថៃ ត្រូវខិតខំបំពេញភារកិច្ច ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយឆន្ទៈមុះមុត ក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន

0
18

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែង ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ ចាប់ពីថ្ងៃទី២០តុលា ដល់ថ្ងៃទី២២តុលាឆ្នាំ២០២០ ។ពិធី បិទបញ្ចប់វគ្គនេះទៀត ក៏មានការបង្ហាញវត្តមានរបស់ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ្រឿងញៀន ខេត្តព្រះវិហារ លោក ស៊ូ សិរី រួមទាំងមន្ត្រី នៃអង្គភាពពាក់ព័ន្ធ ជាច្រើនរូបទៀត ផងដែរ។
នៅក្នុងវគ្គបណ្តុះបណ្តាលរយះពេល ៣ថ្ងៃនេះ បានបញ្ចូលប្រធានបទ ការគ្រប់គ្រងសារធាតុគីមី ការកំណត់អត្តសញ្ញាណគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ការឆែកឆេរនៅច្រកទ្វារព្រំដែន ដោយនៅទីនោះបានរំលេច អំពីការត្រួតពិនិត្យអ្នកដំណើរ ការឆែកឆេរមធ្យោបាយ និងការឆែកឆេរសម្ភារៈ អ្នកដំណើរ និងចំណុចពិសេសៗជាច្រើនទៀត។ នៅក្រោយបញ្ចប់វគ្គសិក្សា វគ្គបានរកឃើញអ្នកជាប់និទ្ទេស ល្អ ៦៥ភាគរយ ល្អបង្គួរ ២០ភាគរយ និងមធ្យម ១៥ភាគរយ ។
អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀន ខេត្តព្រះវិហារ លោក ស៊ូ សិរី បានមាន ប្រសាសន៍ វាយតម្លៃខ្ពស់ដល់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដែលបានយកចិត្តទុកដាក់សហការជាមួយ អគ្គទីប្រឹក្សាអមស្ថានទូត ប្រយុទ្ធប្រឆាំង គ្រឿងញៀនថៃ ប្រចាំកម្ពុជា ដែលបានចំណាយទាំងធនធាន និងថវិកា សហការជាមួយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ នេះឡើង ។ លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា នេះគឺជាចំណេះដឹង និងការយល់ថ្មីៗបន្ថែមទៀត របស់មន្ត្រីអនុវត្តច្បាប់ ហើយការសិក្សានៅក្នុងរយះពេលនេះ គឺជាការសិក្សាមួយដ៏មានសារៈសំខាន់បំផុត សម្រាប់យើងដែលជាមន្ត្រីអនុវត្តច្បាប់ និងត្រូវយកចំណេះដឹងទាំងនេះ ទៅអនុវត្តនៅក្នុងអង្គភាព នៃមូល ដ្ឋានឲ្យបានសមស្រប ទៅតាមការចង្អុលបង្ហាញ និងបទពិសោធន៍ថ្មីៗ ដែលបានមកពីការផ្តល់ឧិវាទ ក៏ដូចជាការបង្ហាញអំពីកិច្ចការមួយចំនួន មិនថាថ្នាក់ជាតិ និងអន្តរជាតិនោះទេ។ លោក ស៊ូ សិរី បានផ្តាំផ្ញើ ដល់មន្ត្រីអនុវត្តច្បាប់ជួរមុខទាំងអស់ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះ បណ្តាលនេះ ទៅបម្រើឲ្យបុព្វហេតុ នៃសង្គមជាតិ ឲ្យបានល្អប្រសើរ។
អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តម សេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងកោតសរសើរ ចំពោះអ្នករៀបចំវគ្គ គ្រូឧទ្ទេសនាម និងសិក្ខាកាមទាំងអស់ ដែលបានខិតខំបង្រៀន រៀនសូត្រ និងការគោរពវិន័យ មានសីលធម៌ល្អ រហូតធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះ សម្រេសចបានទៅ ប្រកបដោយលទ្ធផលយ៉ាងល្អប្រសើរ។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងថា ហេតុអ្វីបានជាខេត្ត ដែលនៅជាប់បណ្តោយ ព្រំដែន ពិសេសព្រំដែនថៃ ត្រូវបានជ្រើសរើសក្នុងការបណ្តុះបណ្តាលបន្ថែម? ហើយនេះមិនមែនសំដៅខេត្ត ទាំងនេះ ជាច្រកនាំចូលគ្រឿងញៀននោះទេ តែបណ្តាខេត្តទាំងនេះ គឺជារបងជួរមុខក្នុងទប់ស្កាត់នូវការចរាចរ ឆ្លងកាត់ និងបណ្តាខេត្តទាំងនេះ ក៏ត្រូវបានក្រុមឧក្រិដ្ឋជន ជ្រើសរើសជាច្រកនាំចូលនូវគ្រឿងញៀន ពីតំបន់ ត្រីកោណមាស ចូលមកកម្ពុជា និងបន្តនាំចេញទៅប្រទេសទីបី ព្រោះថា ជាទីតាំងភូមិសាស្ត្រ។ ដូច្នេះ មានតែកិច្ចសហការរួមគ្នាជាអង្គតែមួយ និងមានយន្តការការងារច្បាស់លាស់ប៉ុណ្ណោះ ទើបឈានទៅជោគ ជ័យ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន។លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានក្រើនរំលឹក ដល់មន្ត្រីអនុវត្តច្បាប់ ពីគ្រប់អង្គភាព ស្ថាប័ន ទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចរបស់ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយភាពវៃឆ្លាត និងឆន្ទៈមនសិកា វិជ្ជាជីវៈ ទទួលខុសត្រូវរបស់ខ្លួន ហើយត្រូវបន្តសិក្សាស្វែងយល់បន្ថែមជានិច្ច ពីចំណេះដឹង និងបទពិសោធន៍ ពិសេស កលល្បិចរបស់ឧក្រិដ្ឋជន និងវិធីសាស្ត្ររបស់សមត្ថកិច្ច ក្នុងការបង្ក្រាបផងដែរ ហើយត្រូវចាំថា បេសកកម្ម របស់យើងបានទទួលជោគជ័យ ត្រូវធានាឲ្យបាននូវសុវត្ថិភាពរបស់មន្ត្រីទាំងអស់ក្នុងបេសកកម្ម ត្រូវពង្រឹង កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ក្នុងទីតាំងភូមិសាស្ត្រដែលខ្លួនឈរជើង សំដៅបង្កើន ប្រសិទ្ធភាពការងារ និងឆន្ទៈរួម ត្រូវពង្រឹងយន្តការនិងប្រសិទ្ធភាពការងារ របស់ការិយាល័យទំនាក់ទំនង ព្រំដែន « BLO » ពិសេសការទំនាក់ទំនងគ្នាជាមួយ« BLO »ដៃគូ របស់ប្រទេសជិតខាង តាមរយៈការប្រាស្រ័យ ទាក់ទង និងផ្លាស់ប្តូរព័ត៌មានជាប្រចាំ ឱ្យបានទាន់ពេលវេលានិងច្បាស់លាស់ ពីផ្លូវចរាចរនិងមុខសញ្ញាជន សង្ស័យ ។លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវពាំនាំយកនូវរាល់ចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ ដែលលោកគ្រូឧទ្ទេសនាមទាំងអស់ បានចែករំលែក និងផ្តល់ជូន ក្នុងវគ្គបណ្តុះបណ្តាល រយៈពេល ៣ថ្ងៃនេះ បន្តផ្សព្វផ្សាយជូនដល់សហការីរបស់ខ្លួន ក្នុងនាមមិត្តអប់រំមិត្ត ធ្វើយ៉ាងណាប្រែក្លាយ អង្គភាពរបស់យើង ឱ្យទៅជាអង្គភាពនាំមុខ និងទទួលខុសត្រូវ ប្រកបដោយទំនុកចិត្ត លើការងារប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here