កម្លាំងយោធាការពារព្រំដែន នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បង្រ្កាបបានករណីបទល្មើស គ្រឿងញៀនជាង ៤០កញ្ចប់ ទម្ងន់ប្រមាណជាង៤០គីឡូក្រាម កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២៣តុលានេះ

0
9

ការបង្រ្កាប បានធ្វើឡើង ក្នុងពេលកម្លាំងយោធាកំពុងចេញល្បាត ដើម្បីពង្រឹងសន្តិសុខ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
មេបញ្ជាការរងផ្នែកសឹករងបុរីអូរស្វាយសែនជ័យ លោកអនុសេនីយ៍ឯក វ៉ាន់ ថាន់សីហា បានប្រាប់ឲ្យ ដឹងថា នៅមុនការបង្រ្កាប កម្លាំងបានប្រទះឃើញអ្នកជិះ ម៉ូតូម្នាក់ ស្ពាយការ៉ុងពីក្រោយ ក៏កើតការសង្ស័យ ហើយកងកម្លាំងល្បាត បានប្រញ៉ាប់រូតដំណើរទៅរកជនសង្ស័យ និងនៅគ្រានោះជនសង្ស័យផ្តួលម៉ូតូទុកចោល ហើយបានរត់គេចខ្លួនចូលព្រៃបាត់ទៅ។
លោកអនុសេនីយ៍ឯក វ៉ាន់ ថាន់សីហា បានបន្តឲ្យដឹងទៀតថា ភ្លាមនោះដែរ កងកម្លាំងយាមល្បាត បានទៅដកហូតយកម៉ូតូ រួមទាំងការ៉ុងចំនួន២ ដែលគេចងស្ពាយជាសាក់កាដូពីក្រោយនោះ និងបាននាំយក មកកាន់អង្គភាពផ្នែកសឹករងស្រុក ហើយបានឆែករកឃើញ ម្សៅក្រាមសថ្លា សង្ស័យជាថ្នាំញៀន ប្រភេទមេតំហ្វេតាមីន មានចំនួន ៤២កញ្ចប់។ លោកថា ក្រោយការពិនិត្យ និងរកឃើញវត្ថុតាងទាំងនេះរួចមក លោកបានរាយការណ៍ជូន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន និងលោកឧត្តមសេនីយ៍មេបញ្ជាការ បានរាយការណ៍ និងគ្រោងធ្វើពិធីប្រគល់ជូន ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការទៅតាមជំនាញគ្រឿង ញៀន នៅរសៀលថ្ងៃ២៣តុលានេះ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវខិត ខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់នៅតាមព្រំដែន មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនៃស្ថាប័នជាច្រើនទៀត ត្រូវបន្តសហការគ្នា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ព្រំដែន ឲ្យបានល្អថែមទៀត ព្រោះបញ្ហាគ្រឿងញៀន គឺជាមុខសញ្ញាមួយយ៉ាងសំខាន់ ដែលក្រុមឧក្រិដ្ឋជន តែងនាំចូលមកក្នុងប្រទេសកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here