លោកជំទាវ ម៉ែន សំអន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន៥២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្រុងស្វាយរៀង

0
46

(ខេត្តស្វាយរៀង )នៅរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង មកពីសង្កាត់ គយត្របែក សង្កាត់ពោធិតាហោ និងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងមានការចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។

ក្នុង ឪកាស នោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួបនិងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យទៀតផង។

លោកជំទាវបន្តថា រាជរដ្ឋាភិបាលពុំបានទុកប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួននៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសាជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ រួមជាមួយគោលនយោបាយគាំពាសង្គម ដើម្បីជួយដល់កម្មករ កម្មការិនី ជាដើម ។ល។

ទន្ទឹមនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងសុវត្ថិភាព ៖
១. សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗ និងចាស់ជរា ត្រូវយកចិត្តទុកដាក់មើលថែទាំឱ្យបានល្អ និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះដែលអាចកើតឡើងជាយថាហេតុ ។
២. សូមប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនាពេលទឹកឡើង និងពេលទឹកស្រកទៅវិញ ដែលពួកវាអាចបង្ករគ្រោះថ្នាក់ដល់ជីវិត។
៣. សូមគិតគូរពីសុខភាព និងការរក្សាអនាម័យ ការពារនូវជំងឺកូវី-១៩ ធ្វើយ៉ាងណាគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺរាតត្បាតនានា ។
៤. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត និងមានអនាម័យ ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។

ជាពិសេស លោកជំទាវបានជម្រុញដល់ មន្ទីរជំនាញទាំង ៤ រួមមាន មន្ទីរសារធារណៈការ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវសហការគ្នាឲ្យបានល្អក្នុងការជម្រុញជួយដល់ប្រជាពលរដ្ឋក្នុងការផ្តល់គ្រាប់ពូជ និងហេដ្ឋារចនាសម្ព័ន្ធ នៅពេលដែលទឹកបានស្រកទៅវិញ ។

ជាចុងបញ្ចប់ លោកជំទាវក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈ លោកជំទាវ និងថ្លែងអំណរគុណដល់ កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសារជម្លៀសមកនៅទីទួលសុវត្ថិភាព ៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៤៥ គ.ក្រ ធុងទឹកជ័រ ១ កៅស៊ូតង់ ១ មី ២កេស កន្ទេលបត់ ១ ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រម៉ា១ សារុង ១) ទឹកសុទ្ធ ១ ទឹកដោះគោ ៦ កំប៉ុង និង ថវិកា ៥០.០០០ រៀល ។ សម្រាប់គ្រួសារលិចក្រោមផ្ទះ ៤៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៤៥គ.ក្រ មី ២កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់ ១ ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) ទឹកដោះគោ ៦ កំប៉ុង និងថវិកា ៥០.០០០ រៀល ៕ជា រដ្ឋាស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here