អភិបាលខេត្តស្ទឹងត្រែង បានចេញបញ្ជាដល់អាជ្ញាធរ និងមន្ត្រីជំនាញមូលដ្ឋាន សហការរួមគ្នាចុះដកហូតយកដីព្រៃរដ្ឋ និងដីសម្បទានសង្គមកិច្ចកងទ័ព ដែលរងការទន្ទ្រាកាន់កាប់ខុសច្បាប់ ពីក្រុមជនខិលខូច ឲ្យខាងតែបាន និងគ្មានការយោគយល់នោះឡើយ!

0
16

ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ប្រសាសន៍ដាក់បទបញ្ជារបស់ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានថ្លែង ក្នុងពេលលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ អនុប្រធានសមាគមន៍ អតីតយុទ្ធជន ខេត្តស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៦តុលាឆ្នាំ២០២០ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។
ពិធីនោះទៀត បានអញ្ជើញចូលរួម ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ,មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ,ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងកងកម្លាំងទាំង៣ ប្រមាណ ១០០នាក់។
នៅក្នុងពិធីនេះ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង បានប្រកាសទទួលស្គាល់ អនុប្រធានគណៈកម្មាធិការ និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនខេត្តស្ទឹងត្រែង ចំនួន ៣រូប គឺលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលជាស្នងការនគរបាលខេត្ត, លោក ហ៊ាង ប៉ូលី ដែលជាប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង លោក អ៊ុង សូវៀត ដែលជាប្រធានមន្ទីរសុខាភិបាលខេត្ត។ ដោយឡែក លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ត្រូវបានតែងតាំងជា ប្រធានកិត្តិយសគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជន ស្រុកបុរីអូរស្វាយសែនជ័យ, លោកវរៈសេនីយ៍ត្រី ហៀក សុខសេរី ជាប្រធានសមាគមន៍ ,លោកវរៈសេនីយ៍ត្រី ប៊ុន ឌឿន ជាអនុប្រធាន និង លោកវរៈសេនីយ៍ត្រី ហេង ណាន ជាអនុប្រធានសមាគមន៍អតីតយុទ្ធជន ស្រុកបុរីអូរស្វាយសែនជ័យ ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានមានប្រសាសន៍ លើកឡើងពីគុណតម្លៃក្នុងការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីអតីតយុទ្ធជន ចាប់តាំងពីថ្ងៃបង្កើតសមាគន៍ខេត្ត រហូតមកដល់ពេលនេះ មានមន្ត្រីគណៈកម្មាធិការសមាគមន៍ខេត្ត ក្រុង ស្រុកមួយចំនួនបានយល់ និងចូលរួមក្នុងការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីអតីតយុទ្ធជន តែក៏នៅមានមន្ត្រីមួយចំនួនមិនទាន់យល់ និងមិនទាន់បានចូលរួមអនុវត្តនៅឡើយ។ លោកឧត្តមសេនីយ៍ បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន របស់សមាគមន៍ ដោយក្នុងនោះ អតីតយុទ្ធជន មានអាយុចាស់ច្រើន សុខភាពទ្រុឌទ្រោម ហើយអ្នកស្លាប់មានការកើនឡើង រីឯសមាជិកសមាគមន៍តិច ថវិកាក៏តិច និងការបើកប្រាក់ជូនអតីតយុទ្ធជន មិនទាន់បានគ្រប់គ្រាប់តាមតម្រូវការជាក់ស្តែង និងនៅកន្លងមកសមាគមន៍មិនទាន់មានដី សម្រាប់បែងចែកជូនអតីតយុទ្ធជននោះទេ ប៉ុន្តែ នៅក្នុងឆ្នាំ២០២០នេះ ទើបនឹងចាប់ផ្តើម ដោយសារថ្នាក់ដឹកនាំខេត្ត និងសមាគមន៍បានឯកភាពគ្នា រៀបចំឲ្យមានដីធ្លីសម្រាប់អតីតយុទ្ធជន និងខ្វះថវិកាបម្រុងទុកសម្រាប់បើកជូនអតីតយុទ្ធជនជាដើម។ លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានស្នើដល់លោកអភិបាលខេត្ត ជួយផ្តល់ដីសម្រាប់សង់លំនៅដ្ឋាន និងដីកសិកម្មជូនអតីតយុទ្ធជន ការឈូសឆាយដីជំហាន២ និងមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចូលទន្ទ្រានកាន់កាប់ដីកងទ័ព «ដីសង្គមកិច្ច» ហើយបានប្តឹងទៅថ្នាក់ជាតិ ថាកងទ័ពទន្ទ្រានដីរបស់ពួកគាត់ទៅវិញ ដូច្នេះ មានតែអាជ្ញាធរខេត្តទេ ដែលអាចដោះស្រាយបញ្ហាដីធ្លីនេះបាន។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសូរិយោដីខេត្តស្ទឹងត្រែង លោក មិញ ស៊ីចាយ បានលើកឡើងថា ចំពោះដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជនខេត្ត កាលពីថ្ងៃទី២៤សីហា រហូតមកដល់ថ្ងៃទី៤តុលាឆ្នាំ២០២០ មន្ទីរបានចាត់មន្ត្រីជំនាញ ដើម្បីសហការជាមួយអង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ធ្វើការឈូសឆាយផ្លូវ ៤ខ្សែ មានប្រវែង ១៩គីឡូ ២៤០ម៉ែត្រ និងបានឈូសឆាយផ្ទៃដីកសិកម្មបម្រុងទុក និងដីលំនៅដ្ឋាននៅជាប់ផ្លូវជាតិលេខ៧ ចំនួន ៤៥១ឡូតិ៍ និងកាលពីឆ្នាំ២០១៥ បានសាងផ្ទះអតីតយុទ្ធជន ចំនួន ៥០ខ្នង និងពុំទាន់បានកាត់ប្លង់ ៤០១ឡូតិ៍ ដីកសិកម្មដែលបានឈូសឆាយមានទំហំ ២២៤ឡូតិ៍ ស្មើនឹង ៤៤៨ហិចតា ដីដែលមានលេខ ឈូសបាន ១៨៤ឡូតិ៍ ស្មើនឹង៤៤៨ហិចតា ដីដែលពុំទាន់បានបង់លេខ មាន ៤៤ឡូតិ៍ ស្មើនឹង ៨៨ហិចតា ផ្ទៃដីសរុប មានទំហំ ៩០៩ហិចតា លើផ្ទៃដីអនុប្រយោគ ១៥០០ហិចតាទៀត។លោក មិញ ស៊ីចាយ បានបន្តថា បញ្ហាប្រឈមកន្លងមក នៅក្នុងកំឡុងពេលឈូសឆាយដីសង្គមកិច្ច សម្រាប់បែងចែកដល់អតីតយុទ្ធជន មានប្រជាពលរដ្ឋ ១១គ្រួសារ មានផ្ទៃដីដាំដុះ និងអាស្រ័យផល អាចនឹងប៉ះពាល់ដីសង្គមកិច្ច ករណីនេះ លោកពុំទាន់បានសិក្សានៅឡើយ ព្រោះដីទាំងនេះ រាជរដ្ឋាភិបាល បានធ្វើអនុប្រយោគ សម្រាប់ចែកជូនដល់គ្រួសារកងកម្លាំង ហើយប្រជាពលរដ្ឋបានចូលមកកាន់កាប់ និងអាស្រ័យផល បញ្ហានេះគណៈកម្មាការសូរិយោដី មិនអាចលើកយកមកដោះស្រាយបានទេ និងមានការចូលកាប់ទន្ទ្រាដីកាន់កាប់បន្ថែមទៀត និងក្នុងនោះបងប្អូនមានរហូតដល់លិខិតកាន់កាប់ ចេញដោយអាជ្ញាធរឃុំ-សង្កាត់ ហើយសុំឲ្យមន្ទីររៀបចំដែនធ្វើប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ថែទៀតផង។ លោក មិញ ស៊ីចាយ បានបញ្ជាក់ថា ករណីនេះមានការពាក់ព័ន្ធដល់អាជ្ញាធរ ដែលធ្លាប់ធ្វើការបញ្ជាក់លើលិខិតកាន់កាប់ ហើយលោកតែងតែសំណូមពរដ៏ទទូច ត្រូវបញ្ឈប់នូវរាល់ការបញ្ជាក់ រហូតដល់ខេត្តធ្លាប់ធ្វើលិខិតព្រមានដល់អាជ្ញាធរ ក្នុងការចេញនូវលិខិតបញ្ជាក់ការកាន់កាប់លើផ្ទៃដីរបស់រដ្ឋនេះ។ លោកថា អ្នកដែលកាន់កាប់លើផ្ទៃដីសម្បទានសង្គមកិច្ចទាំងនេះ កុំសង្ឃឹមថា នឹងមានការកាត់ឆ្វៀលប្រគល់ឲ្យ សូម្បីតែ១ភាគរយក៏គ្មាននោះដែរ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាស្ថាបនិក សមាគមន៍អតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រមទាំងបានជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ការពង្រឹងតួនាទីរបស់អតីតយុទ្ធជន ឲ្យសក្តិសមនឹងគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ។ជាមួយគ្នានេះក្នុងរយះកាលកន្លងមក សម្តេចតេជោ បានផ្តល់នូវការឧបត្ថម្ភគាំទ្រជាច្រើន ដូចជាការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយះសមាគមន៍អតីតយុទ្ធជន ថ្នាក់ជាតិជាច្រើនខ្នង នៅក្នុងមូលដ្ឋានមួយចំនួន និងការផ្តល់អំណោយសប្បុរសធម៌ ដល់អតីតយុទ្ធជនផងដែរ។
ស្របពេលដែលមានរបាយការណ៍ ពីការទន្ទ្រានកាប់កាប់ដីរដ្ឋ និងដីសង្គមកិច្ចសម្រាប់ចែងចែកជូនកងកម្លាំង ពីសំណាក់ជនខិលខូច និងប្រជាពលរដ្ឋចំណាក់ស្រុកមួយក្រុម ដោយខុសច្បាប់នោះមក លោក ម៉ុម សារឿន បានចេញបញ្ជាដល់អាជ្ញាធរស្រុក ភូមិ ឃុំ-សង្កាត់ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ត្រូវចុះពិនិត្យ ហើយបើឃើញធ្វើរបងហ៊ុព័ទ្ធ ឬដាំដំណាំរួចហើយក៏ដោយ ត្រូវចាត់វិធានការជាបន្ទាន់ ត្រូវដករបងទាំងនោះចេញ និងត្រូវធ្វើការដកហូតយកដីទាំងនោះមកវិញ ឲ្យខាងតែបានដាច់ខាត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here