អនុវត្តតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ លោកស្នងការបន្តប្រមូលផ្តុំកម្លាំងត្រៀមប្រតិបត្តិការគ្រោះទឹកជំនន់

0
13

(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានផ្សព្វផ្សាយពីផែនការស្តីពីការប្រមូលផ្តុំកងកម្លាំងត្រៀមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រោលទៅនឹងសភាពការណ៍ផ្សេងៗកើតមានជាយថាហេតុ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ ជាស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ ស្រុក ក្រុង លោកមេបញ្ជា ការ វរសេនាតូចទាំង០៤ លោកនាយផ្នែក សរុបជាង៣០០នាក់ និងពិធីចែកអំណោយអង្គររបស់អគ្គស្នងការនគរបាលជាតិនិងមីជាអំណោយរបស់សប្បុរសជន ដល់កងកម្លាំងផងដែរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានថ្លែងនូវការកោតសរសើរនិងអរគុណដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំយកអស់ស្មារតីកម្លាំងកាយចិត្តក្នុងការជួយជន្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹកជំនន់មករកទីទួលសុវត្ថិភាព និងការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានចុះមកដោយផ្ទាល់ចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យយើងនេះបានល្អប្រសើរ ។
ទន្ទឹមនោះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧតុនិយម បានជូនដំណឹងថាយោងការតាមដាននិងការវិវត្តន៍ជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញនៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២០កន្លងមកនេះ វិសម្ពាធមួយដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិត្តន៍ ខ្លួនជាបន្តបន្ទាប់ ទៅជាព្យុះទី១៨ មានឈ្មោះ ម៉ូឡាន ( BOLAVE ) ដោយដើរចូលទៅភាគកណ្តាលនៃប្រទេសហ្វីលីពីន ។តាមការព្យាករ ព្យុះនេះនឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូងនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២០នេះ ហើយបានថមថយឥទ្ធិពលនៅពេលចូលដល់ប្រទេសវៀតណាមត្រង់ចំណុចម្តុំក្វាងងៃ នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ រួចបន្តដំណើរចូលមកទៅតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធនិងសម្ពាធទាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា៖លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធសតុនៅព្រះរាជា ណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ខែតុលាឆ្នាំ២០២០ មានស្ថានភាពដូចជា ៖-បណ្តាខេត្តនៅតំបន់ជួរភ្នំដងរ៉ែក និងខ្ពង់រាបភាគឥសាន រួមមានខេត្តស្ទឹងត្រែង រតនគីរី ព្រះវិហារ ឧត្តរមានជ័យ អាចមាន ភ្លៀងធ្លាក់ច្រើន លាយឡំជាមួយនឹងខ្សល់ខ្លាំង ។-បណ្តាលខេត្តនៅតំបន់វាលទំនាប រួមមាន៖ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិននិងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់បន្ថែមថា៖យោងតាមអាកាសធាតុនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាដល់ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ដែលនៅតំបន់ជួរភ្នំដងរ៉ែកនិងតំបន់វាលទំនាបនិយាយជារួមនិងនិយាយដោយឡែក គឺខេត្តបន្ទាយមានជ័យយើងនេះជាតំបន់វាលទំនាប ត្រូវប្រមូលផ្តុំកងកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមកម្លាំងត្រោលទៅនឹងសភាពការណ៍ដែលកើតមានឡើងដោយគ្រោះធម្មជាតិ ពិសេសគឺគ្រោះទឹកជំនន់ ។ ដូច្នេះដើម្បីត្រោលទៅនឹងសភាពការណ៍ដែលនឹងកើតមានជាយថាហេតុនៃអាកាសធាតុនេះ សូមឲ្យអស់លោក លោកស្រី ជាស្នងការរងនៃផែននីមួយៗ ក៏ដូចជានាយការិយាល័យនីមួយៗនិងលោកអធិការ នគរបាលគ្រប់ ស្រុក ក្រុងទាំង០៩ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ ត្រូវប្រមូលផ្តុំកម្លាំងប្រចាំការ នៅក្នុងអង្គភាព២៤ម៉ោងលើ២៤ម៉ោង ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានចែកជូនអង្ករដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមី ដែលជាអំណោយរបស់សប្បុរសជន ដល់គ្រប់បណ្តាអង្គភាពផែនចំណុះស្នងការដ្ឋាន អធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩និងវរសេនាតូចទាំង០៤ សម្រាប់បំរើឲ្យកិច្ចប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយផ្សេងៗ ពិសេសគឺគ្រោះទឹកជំនន់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here