ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង១៩៥គ្រួសារក្នុងស្រុកប្រាសាទសំបូរពីសប្បុរជន

0
12

ខេត្តកំពង់ធំ៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងការខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកប្រាសាទសំបូរចំនួន១៩៥គ្រួសារ បានទទួលអំណោយនៅរសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណវត្តទឹកអណ្តូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងស្ថានភាពមានទឹកជំនន់ ដែលមិនអាចឲ្យពួកគាត់ចេញទៅប្រកបមុខរបរទទួល ទានបានទាំង១៩៥គ្រួសារ បានទទួលអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គ.ក មីមួយកេស ទឹកសុទ្ធមួយកេស ទឹកស៊ីអ៊ីវទឹកត្រី២យួរ ត្រីខមួយយួរ ដើម្បីដោះស្រាយក្នុងស្ថានភាពមានទឹកជំនន់ និងជាទឹកចិត្តល្អប្រពៃក្នុងការជួយគ្នាក្នុងគ្រាមានអាសន្ន របស់សប្បុរជនដែលបាននាំយកស្បៀងអាហារមក ជំនួយឧបត្ថម្ភជូនអភិបាលខេត្តកំពង់ធំ សម្រាប់បន្តធ្វើការងារមនុស្សធម៌។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ពិតជាមានការសោកស្តាយជាទីបំផុត ចំពោះការខូចខាតដំណាំបន្លែបង្កា និងទ្រព្យសម្បត្តិរបស់បងប្អូន ដែលបណ្តាលមកពីគ្រោះធម្មជាតិ បង្ករឲ្យមានទឹកជំនន់ទឹកភ្លៀង ធ្វើឲ្យខេត្តជាច្រើនរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះថ្នាក់ដឹកនាំ និងអាជ្ញាធររាជធានីខេត្ត និងអាជ្ញាធរស្រុកក្រុង មិនបានព្រងើយកន្តើយនិងទុក្ខលំបាករបស់បងប្អូនឡើយ ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ ខេត្តស្រុកក្រុងឃុំសង្កាត់ផងដែរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវការព្រួយបារម្ភណ៍ ពីការរស់នៅប្រកបមុខរបរទទួលទានរបស់បងប្អូន និងអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់បំផុតជួយអន្តរាគមន៍ ដោះស្រាយទុក្ខលំបាករបស់បងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់គ្រប់ទិសទីឲ្យបានទាន់ពេលវេលា និងមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយជាដាច់ខាត ។
ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរសមត្ថកិច្ចទាំងអស់ កុំឲ្យចាត់ទុកបញ្ហាគ្រឿង ញៀនជារបស់សមត្ថកិច្ចតែមួយមុខជាដាច់ខាត បើគ្មានការចូលរួមពីបងប្អូនទេ ថ្ងៃណាមួយកូនចៅបងប្អូននិងក្លាយជាឧបករណ៍នៃគ្រឿងញៀនជាមិនខាន មួយវិញទៀតសូមឲ្យបងប្អូន កែទម្លាប់ចាស់ចោល ពីការហូបចុកចំណីអាហាររួច បោះកាកសំណលចោលដោយគ្មានអនាម័យ មករួមគ្នាថែរក្សាបរិស្ថានអនាម័យ ដើម្បីសុខភាពប្រជាជនយើង ដើម្បីរមណីយដ្ឋានរបស់យើង និងដើម្បីសុខភាពយើង ។
ក្នុងឳកាសនេះផងដែរ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ សំណូមពរឲ្យបងប្អូនទាំងអស់ រួមគ្នាថែរក្សាសន្តិភាពដែលបានមកដោយកម្រនេះ ឲ្យបានយូរអង្វែង ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកភាពរីកចម្រើនជាបន្តបន្ទាប់ ។ ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here