សាលាដំបូងខេត្តកំពតវិនិច្ឆ័យផ្ដន្ទាទោសមេឃុំអង្កោលនិងមេភូមិអង្កោលពីបទផ្ដល់លិខិតបញ្ជាក់មិនពិត

0
7

ខេត្តកំពត : សាលាដំបូងខេត្តកំពតបានបើកសវនាការជាសាធារណៈនៅថ្ងៃទី 27 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 2 រសៀលដែលមានសមត្ថភាពលោក ម៉ែន វណ្ណៈ ជាអនុប្រធានសាលាដំបូងខេត្តកំពតជាចៅក្រមជំនុំជម្រះ លោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតជាតំណាងអយ្យការនិងលោក ចាន់ ណារិន ក្រឡាបញ្ជីសាលាដំបូងខេត្តកំពត លើរឿងព្រហ្មទណ្ឌលេខ 855 ចុះថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2019 ដែលមានជនជាប់ចោទឈ្មោះម៉ី ជី មុខរបរមេឃុំអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប និងឈ្មោះ ង៉ាន់ កុក មុខរបរមេភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ជាប់ចោទពីបទផ្ដល់លិខិតបញ្ជាក់មិនពិត បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា634 នៃក្រមព្រហ្មទណ្ឌ ដោយមានដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ សាំង ដៀប ភេទស្រី នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ពីអង្គហេតុកាលពីថ្ងៃទី 25 ខែមីនា ឆ្នាំ 2019 ពីបទមានអំពើផ្ដល់លិខិតបញ្ជាក់មិនពិតដែលបង្កឡើងដោយឈ្មោះ ម៉ី ជី ជាមេឃុំអង្កោល បានធ្វើលិខិតបញ្ជាក់លេខ 662/19 អ.ក ចុះថ្ងៃទី 25 ខែមីនា ឆ្នាំ 2019 ដែលបញ្ជាក់ថាកាលពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2019 ឈ្មោះ ង៉ាន់ កុក ជាមេភូមិអង្កោល បានយកដីកាសម្រេចរក្សាការពារលេខ 37 (ឃ) ចុះថ្ងៃទី 13 ខែមីនា ឆ្នាំ 2019 របស់សាលាដំបូងខេត្តកំពតទៅប្រគល់ឲ្យឈ្មោះ សាំង ដៀប។
ក្នុងសវនាការជាសាធារណៈ សាលាដំបូងខេត្តកំពតបានចេញសាលក្រមផ្ដន្ទាទោសឈ្មោះ ម៉ី ជី មេឃុំអង្កោលនិងឈ្មោះ ង៉ាន់ កុក មេភូមិអង្កោល ដាក់ពន្ធនាគារដាក់ម្នាក់ៗកំណត់មួយខែ តែទោសនេះត្រូវអនុវត្តទោសព្យួរសាកល្បងបីឆ្នាំ ដោយទុកសិទ្ធិប្ដឹងទាស់និងឧទ្ធរណ៍តាមកំណត់ច្បាប់ និងរួមគ្នាសងសំណងចំនួន 8 លានរៀលទៅឲ្យដើមបណ្ដឹងឈ្មោះ សាំង ដៀប។

លោកស្រី សាំង ដៀប ដែលជាដើមបណ្ដឹង សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះតុលាការសាលាដំបូងខេត្តកំពតដែលមានលោក ម៉ែន វណ្ណ: អនុប្រធានសាលាដំបូងខេត្តកំពត និងលោក ខា ដៃនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតដែលបានកាត់ក្តីប្រកបដោយយុត្តិធម៏ជូនអ្នកស្រីដែលជាប្រជាពលរដ្ឋស្លូតត្រង់នៅជនបទដែលរងទទួលនូវភាពអយុត្តិធម៏ពីសមត្ថកិច្ចមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here