សមត្ថកិច្ចនគរបាលខេត្ត បង្ក្រាប ទីតាំងជល់មាន់តាមអនឡាញ ឃាត់ខ្លួនក្រុមអ្នក លេង ល្បែង១៧នាក់ និងម៉ូតូ ២១គ្រឿង

0
57

កំពង់ឆ្នាំង: ក្នុងស្មារតីអនុវត្តគោលការណ៍ភូមិ- ឃុំមានសុវត្ថិភាព និងធានាឲ្យបាននូវសន្តិសុខ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញាខេត្ត កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលដឹកនាំដោយស្នងការរង និងប្រធានការិយាល័យ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងជល់មាន់តាមអនឡាញ ភ្នាល់ដាក់លុយយ៉ាងសន្ធឹកសន្ធាប់មួយកន្លែង នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅរសៀលម៉ោង៤៖០០នាទីថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២០ ។

ករណីបង្ក្រាបនេះ សមត្ថកិច្ច បានឃាត់នាំខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញ ចំនួន១៧នាក់ រួមនិងម៉ូតូ ២១គ្រឿង មកកាន់ស្នងការដ្ឋាននគរបាលខេត្តនាពេលល្ងាចថ្ងៃដដែលនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។

សូមរំលឹកថា កន្លងមកឧត្តមសេនីយ៍ទោ ខូវ លី ធ្លាប់បានបញ្ជាក់ប្រាប់ដល់អ្នកសារព័ត៌មានថា បើមូលដ្ឋានណាកើតមានករណីល្បែងស៊ីសង ក្នុងមូលដ្ឋាន មេប៉ុស្តិ៍ និងអធិការមិនធ្វើការបង្ក្រាប ទេនឹងត្រូវប្រឈមដកហូតមុខតំណែង ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការ បានបន្តទៀតថា នឹងបង្ក្រាបឲ្យបាន ពីព្រោះបញ្ហាល្បែង ស៊ីសងមានពាក់ព័ន្ធជាមួយនឹង ភូមិ ឃុំ មានសុវត្ថិភាពក្នុងតំបន់មូលដ្ឋានប្រជាពលរដ្ឋដែលរស់នៅ ដែលអាចកើតមាននូវអំពើលួចឆក់ ប្លន់ នៅពេលដែលចាញ់ល្បែងបង្កអសន្តិសុខ ។៕

LEAVE A REPLY

Please enter your comment!
Please enter your name here