ឯកឧត្ដម​សុខ លូ អភិបាល ខេត្ត កំពង់ធំ ចែក​អំណោយសប្បុរស​ជនក្រុមហ៊ុនសឹកសេសម៉រ៍ ជូនដល់ប្រជា​ពលរដ្ឋដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​២០០​គ្រួសារ​ និងចែកកង់ជូនសិស្សក្រីក្រ១០នាក់នៅស្រុក ប្រាសាទ​សំបូរ

0
14

ខេត្ត​កំពង់ធំ​ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម​សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្ត​កំពង់ធំ​ រួមទាំងអាជ្ញាធរដែនដី បានអញ្ជើញ ជាអធិបតីភាពក្នុងពិធីចែកអំណោយ របស់សប្បុរសជន ក្រុមហ៊ុនសឹកសេសម៉រ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ មកពីឃុំឈូក និងឃុំគោល និងសិស្សដែលក្រីក្រចំនួន១០នាក់ រស់នៅ​ភូមិកូនក្អែក ក្នុង​ម្នាក់​ទទួល​បាន​កង់មួយ ថវិកា​១០ម៉ឺនរៀល ដែលរស់នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពិធីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០​។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកប្រាសាទសំបូរ ចំនួន២០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២០ គីឡូក្រាម ទឹកសុទ្ធមួយកេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១ យួរ មុង១ ក្រម៉ាមួយ មីមួយកេស អាវយឺត១ ថវិកា១ម៉ឺនរៀល សម្រាប់ជួយដោះស្រាយ បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយសារទឹកជំនន់។

តំណាងក្រុមហ៊ុន សឹកសេសម៉រ៍ បានឲ្យដឹងថាអំណោយទាំងនេះ គឺជាទឹកចិត្ត សប្បុរស់ធម៌របស់ក្រុមការងារ នៃសហការីរបស់ក្រុមហ៊ុន និងជា ការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការជួយរំលែកភារៈ និងដោះស្រាយជូនបងប្អូនប្រជាពរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ នឹងរងផលប៉ះពាល់ដំណាំបន្លែបង្ការរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា លោក មានស្រុកភូមិកំណើតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ហើយក្នុងថ្ងៃនេះ បានមានឱកាស ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះ នៅក្នុងស្រុកប្រាសាទសំបូរ គឺមានចិត្តសប្បាយរីករាយ ក្នុងការចែករំលែកសេចក្តី​សុខដល់បងប្អូនប្រជាពលរដ្ឋ បាននាំអំណោយមកជួយដល់បងប្អូនដែលកំពុងតែរងទុក្ខលំបាកខ្វះខាតស្បៀងអាហារ ក្នុង​នោះ​លោកនឹងបន្ត ចូលរួមជាមួយនឹងអាជ្ញាធរ ចែកជូន ចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ នៅស្រុកមួយចំនួនទៀត ដែលមានការខ្វះខាត។

ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍កោតសរសើរ នូវទឹកចិត្តសប្បុរសធម៌ ប្រធានក្រុមហ៊ុនសឹកសេសម៉រ៍ និងសហការី ដែលបាន ចូលរួមចែករំលែក ស្បៀងអាហារ និងសម្ភារៈផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងស្រុកប្រាសាទសំបូរ និងសូមគាំទ្រ នូវសកម្មភាពមនុស្សធម៌ របស់ក្រុមហ៊ុន បន្តទៀតសូមឲ្យក្រុមហ៊ុន ទទួលបានជោគជ័យ នៅកាន់តែរីកចម្រើន បន្ថែមទៀត។
ឯកឧត្តមសុខលូ ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពរដ្ឋ កែទម្លាប់ចាស់ចោល មកចូលរួមថែរក្សាសម្អាតបរិស្ថានអនាម័យ នៅជុំវិញលំនៅដ្ឋាននិងរមណីយដ្ឋាន ដើម្បីជាភាពទាក់ទាញ នៅភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិ មកកម្សាន្តឲ្យកាន់តែច្រើន ជាពិសេសនោះ គឺស្រុកប្រាសាទសំបូរ យើងមានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូច្នេះបងប្អូន ត្រូវចូលរួមធ្វើជាម្ចាស់ផ្ទះដ៏ល្អ, ត្រៀមខ្លួនជាស្រេច សម្រាប់ទទួលភ្ញៀវ ជាតិនិងអន្តរជាតិ ទស្សនាឲ្យកាន់តែច្រើន៕
ឯកឧត្តមអភិបាលខេត្ត ក៏បាន សំណូមពរ បទមាតាបិតា អាណាព្យាបាល សិស្សានុសិស្សទាំងឡាយ ឱ្យចូលរួមការពារ ទប់ស្កាត់ការចែកចាយនិងជួញដូរគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន និងកុំចាត់ទុកថាបញ្ហាគ្រឿងញៀន ជាតួនាទីរបស់សមត្ថកិច្ចតែម្យ៉ាង ត្រូវគិតថាបញ្ហាគ្រឿងញៀន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាការពារ ទប់ស្កាត់មិនឱ្យមាននៅក្នុងភូមិ ក្នុងសហគមន៍ យើងជាដាច់ថា ដើម្បីគោរពតាមគោល នយោបាយ ភូមិឃុំមានសុវត្ថិភាព ហើយក៏សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ ហាមប្រើទូរស័ព្ទដៃ
ហាមផឹកសុរា ក្នុងពេលបើកបរដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕ ដោយ​ប៊ុន​រដ្ឋា​

LEAVE A REPLY

Please enter your comment!
Please enter your name here