វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាថ្នាក់ខេត្តស្វាយរៀង

0
24

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃអង្គារ ១០រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្ថិតនៅបរិវេណសាលាសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជើញចូលរួមមានពីលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត តំណាងកងកម្លាំងទាំង៣ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងស្វាយរៀង នាយកទីចាត់ការ និងប្រធាន អង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាខេត្ត សាលាក្រុង ចៅសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៨៥នាក់ ។

មានប្រសាសន៍ក្នុងវេទិការនោះ ឯកឧត្តមជុំ ហាត ក៏បានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានឆ្លើយបំភ្លឺ និងដោះស្រាយនូវសំណូមពរមួយចំនួនដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងអង្គវេទិកា រួមមានការស្នើសុំជួសជុលផ្លូវ លូរំដោះទឹក បញ្ហាអគ្គិសនី ការផ្ដល់សេវារដ្ឋបាល និងបញ្ហាគ្រឿងញៀន ជាដើម ។

សូមបញ្ជាក់ជូនថា អង្គវេទិកានេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចជា ៖
– ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព (បញ្ហាគ្រឿងញៀន ចរាចរណ៍)
-ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
-ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងការកសាងហេដ្ឋារចនាសម្ព័ន្ធ
-ការធ្វើអត្តសញ្ញាណប័ណ្ណ ការងារអត្រានុកូលដ្ឋាន បរិស្ថានអនាម័យ បទល្មើសនេសាទ និងទំនាស់ដីធ្លី ៕ដោយជា រដ្ឋា ស្វាយរៀង

LEAVE A REPLY

Please enter your comment!
Please enter your name here