រថយន្តដឹកទឹកកកបុករថយន្តដឹកទំនិញចតចោលបណ្តាលឲ្យស្លាប់និងរបួសជាច្រើននាក់

0
15
ខេត្តបាត់ដំបង! យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់ភ្លាមៗ និង០២នាក់ផ្សេងទៀតរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។
 
លោកវរ:សេនីយ៍ឯក សន និល អធិការនគរបាលស្រុករតន:មណ្ឌលបានប្រាប់ឲ្យដឹងថា÷ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង ៤និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចកំណាត់ផ្លូវជាតិ៥៧ ស្ថិតក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។
 
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយិនដាយ ពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-០៩៨៧ ដឹកទំនិញមួយគ្រឿង បានខូចហើយឈប់ចតនៅអែបខាងស្តាំដៃ និងបានកាច់មេឃឈើដាក់ជាសញ្ញាខាងក្រោយរថយន្តប្រមាណជា១០ ម៉ែត្រផងដែរ ខណ:អ្នកបើកបរម្នាក់ និងអ្នករួមដំណើរម្នាក់ទៀតកំពុងជួសជុលរថយន្ត លុះក្រោយមកក៏ស្រាប់តែមានរថយន្តដឹកទឹកកក ម៉ាកហ៊ីយិនដាយ ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង ៣A -២៥៤២ បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅស្របគ្នាពីកើតទៅលិចបានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នករួមដំណើរម្នាក់ឈ្មោះសុខ សុភ័ណ្ឌ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯឈ្មោះ អូន មី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែងជាអ្នកបើកបររងរបួសស្រាល។
 
ដោយឡែកចំពោះភាគីខាងរថយន្តដឹកទឹកកកបើកបរដោយឈ្មោះ យឹម ហេង ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅសង្កាត់រតនះ ក្រុងបាត់ដំបង បានស្លាប់នៅនឹងកន្លែងកៀបជាប់នៅក្នុងរថយន្ត និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ចាន់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ជាមួយគ្នារងរបួសស្រាល។
 
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងនិងបានប្រគល់សាកសពជនរងគ្រោះទាំង ២នាក់ទៅឲ្យសាច់ញាតិដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងរថយន្តពាក់ព័ន្ធទាំង ២គ្រឿងត្រូវបាននគរបាលជំនាញមូលដ្ឋានបញ្ជូនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here