លោកចាន់ ពិសិដ្ឋ និងអ្នកស្រី អែល ទីរៀម អាជីវករ ស្នើសុំឯកឧត្តមអភិបាលខេត្តជួយអន្តរាគមន៍ទៅគណៈកម្មការបែងចែកតូបផ្សារសាមគ្គីស្ទឹងត្រែង តាមពាក្យស្នើសុំតាមទំហំនៃតូបចាស់មុនភ្លើងឆេះ

0
8

ខេក្តស្ទឹងត្រែង : ក្រោយពីអគ្គីភយ័ឆាប់ឆេះ ផ្សារសាមគ្គីស្ទឹងត្រែងថ្មីបានសាងសង់រួចរាល់ជាស្ថាពរតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានដំណើរការបែងចែកតូបជូនអាជីវករចូលលក់ដូរឡើងវិញ ហើយការបែងចែកតូបបានប្រព្រឹត្តទៅដោយរលូន តែទន្ទឹមនឹងនោះនៅមានអាជីវករមួយគ្រួសារបានអះអាងថាមិនទាន់បានទទួលតូបថែមមួយទៀតឲ្យត្រូវតាមទំហំចំនួនតូបចាស់ដែលគាត់បានកាន់កាប់មុនពេលផ្សារមិនទាន់ឆេះ បណ្តាលអោយមានភាពអយុត្តិធម៌សម្រាប់ពួកគាត់ ទើបលោកចាន់ ពិសិដ្ឋ និងភរិយាអ្នកស្រី អែល ទីរៀម បានសំណូមពរសុំឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងជួយអន្តរាគមន៍ទៅគណៈកម្មាធិការបែកចែកតូបផ្សារសាមគ្គីស្ទឹងត្រែងដោះស្រាយប្រគល់តូបមួយដែលនៅសល់ជូនលោកដើម្បីទទួលបាននូវភាពយុត្តិធម៌ក្នុងការបែកចែកតូបនាពេលកន្លងមក។
អាជីវករខាងលើបានឲ្យដឹងថាបន្ទាប់ពីមានការប្រគល់ទទួលតូបរានកន្លងមក អាជីវករមួយចំនួនបានឯកភាពទទួលយកតាមការបែងចែកដោយគណៈកម្មការបែងចែកតូប ទន្ទឹមនឹងការទទួលយកក៏មានអាជីវករខ្លះនៅមិនទាន់ឯកភាពទទួលយកដែរ។ ជាក់ស្ដែងក្រុមអាជីវករដែលមានឈ្មោះក្នុងបញ្ជីរាយនាមចុងក្រោយដែលមិនព្រមទទួលយកតូបតាមការបែងចែកមានចំនួន២៧ម្ចាស់។
ផ្អែកតាមតារាងបញ្ជីដែលមិនទាន់ដោះស្រាយឲ្យអាជីវករ ក្នុងចំណោមអាជីវករខាងលើមានអាជីវករ២៦នាក់ បានឯកភាពទទួលយកតាមការសម្របសម្រួលរបស់គណៈកម្មការបែងចែកតូប រាន។ ដោយឡែកនៅសល់ម្ចាស់តូបមួយមានឈ្មោះលោក ចាន់ ពិសិដ្ឋ និងអ្នកស្រី អែល ទីរៀម ដែលគណៈកម្មការបែងចែកតូបរានមិនបានកោះអញ្ចើញឱ្យចូលរួមរកដំណោះស្រាយឡើយ។
រហូតមកដល់ពេលនេះ លោក ចាន់ ពិសិដ្ឋ បានលើកសំណើជាច្រើនលើកច្រើនសាលើករណីជួយអន្ដរាគមន៏ដោះស្រាយថែមមួយតូបទៀតដែលរូបលោកនិងភរិយាបានដាក់ពាក្យក្នុងសំណើដំបូងតែមិនបានទទួលការដោះស្រាយ នោះឡើយ ដោយឃើញហេតុផលដូច្នេះទើបលោកបានធ្វើលិខិតស្នើសុំជាថ្មីទៅលោកអភិបាលក្រុងស្ទឹងត្រែងឱ្យជួយអន្ដរាគមន៏ក្នុងរឿងនេះ ហើយចំណារឆ្លើយតបរបស់លោកអភិបាលក្រុងបានបញ្ជាក់ថា ការងារដោះស្រាយតូបនេះ(ផ្សារសាមគ្គីស្ទឹងត្រែង)គឺដោះស្រាយដោយមានឯកឧត្ដមអភិបាលខេត្តជាប្រធាន និងបានដោះស្រាយចប់សព្វគ្រប់ហើយ និងមិនមែនជាសមត្ថកិច្ចរបស់រដ្ឋបាលក្រុងទេ សូមម្ចាស់សំណើជ្រាប។
គ្រួសារអាជីវករខាងលើមានទស្សនៈថា លិខិតឆ្លើយតបរបស់លោកអភិបាលក្រុងខាងលើមិនមានភាពយុត្តិធម៌និងមិនត្រឹមត្រូវទេ ព្រោះថា បើពិនិក្យមើលអាជីវករដែលមានក្នុងតារាងបញ្ជីឈ្មោះដោះស្រាយ អ្នកដែលឯកភាពទទួលយក គឺត្រូវមានកំនត់ហេតុព្រមព្រៀងទទួលយកតាមការសម្រេចរបស់គណៈកម្មការ។ ម្យ៉ាងទៀតលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងក៏បានទទួលស្គាល់តាមរយៈរបាយការណ៍សង្ខេបរបស់លោកដែលបានថ្លែងក្នុងកិច្ចប្រជុំណែនាំការងារដល់គណៈអាជីវកសហគមន៏ផ្សារសាមគ្គីស្ទឹងត្រែង គឺនៅសល់តូបដែកទំហំ ២ម៉ែត្រx២ម៉ែត្រ ចំនួន១តូប នឹងត្រូវរក្សាបម្រុងទុកសម្រាប់បែងចែកជូនអាជីវករដែលមិនទាន់ឯកភាពទទួលយកទំហំនិងទីតាំងតូបបន្ថែមទៀត(តូបដែលនៅសល់គឺមានលេខ០៤c) ។
យោងតាមហេតុផលខាងលើ លោក ចាន់ ពិសិដ្ឋ និងអ្នកស្រី អែល ទីរៀម ស្នើសុំដល់ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង មេត្តាជួយអន្តរាគមន៍ដល់គណៈកម្មាធិការបែងចែកតូបខេត្ត ដោះស្រាយប្រគល់តូបដែលនៅសល់ជូនដល់គ្រួសារលោកដែលបានដាក់ពាក្យតវ៉ាសុំថែមតូបតាំងពីពេលបែងចែកដំបូងមកម្ល៉េះ ដែលរហូតមកទល់ពេលនេះនៅពុំទាន់ដោះស្រាយនិងពុំទាន់មានភាពយុត្តិធម៌សម្រាប់គ្រួសារលោកនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here