គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប

0
13

ខេត្តសៀមរាប ជាខេត្តមួយនៃប៉ូលសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍ ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានប្រាង្គប្រាសាទអង្គរវត្តជាដួងព្រលឹងជាតិ និង មានភាពល្បីល្បាញនៅលើសកលលោក ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ។ បច្ចុប្បន្ននៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ សំខាន់បងប្អូនប្រតិបត្តិករវិស័យទេសចររួមទាំង ជីវភាពរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលពឹងផ្អែកលើវិស័យទេសចរណ៍ ។ ទោះបីការធ្លាក់ចុះក្នុងវិស័យទេសចរក៏ពិតមែន តែតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្រុងសៀមរាប គឺទឹកស្អាត ជាកត្តាដ៏សំខាន់។ ទឹក គឺជីវិត របស់មនុស្ស សត្វ រុក្ខជាតិ ដើមី្បទ្រទ្រង់សារពាង្គកាយយើងគ្រប់គ្នា ក៏ដូចសត្វ រុក្ខជាតិផងដែរ ។
តាមការបញ្ជាក់របស់លោក ឃុត វុត្យារិទ្ធិ អគ្គនាយក រដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងថា មកត្រឹមថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តសៀមរាបបាននឹងកំពុងសាងសង់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប ត្រូវបានអនុវត្តក្រោមក្របខណ្ឌឥណទានសម្បទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ហើយគម្រោងនេះ បានចាប់ផ្តើមពីការសិក្សាសមិទ្ធលទ្ធភាព នៅក្នុងឆ្នាំ២០១០។ ផ្អែកតាមលទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាព កិច្ចព្រមព្រៀងឥណទាន ត្រូវបានចុះហត្ថលេខារវាង JICA និង MEF នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២។ លោកក៏បានឲ្យដឹងទៀតថា រដ្ឋាករទឹកស្វយ័តសៀមរាប តាមរយៈការដេញថ្លៃប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ បានប្រគល់កិច្ចសន្យាសេវាទីប្រឹក្សាបច្ចេកទេស ដល់ក្រុមហ៊ុនសម្ព័ន្ធ Nihon Suido Consultants, Water and Sewer Bureau of City of Kitakyushu និង CTI Engineering International Co., Ltd នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ។ ម៉្យាងទៀតគម្រោងនេះត្រូវបានចែកជា ០៣កញ្ចប់ ដោយ កញ្ចប់ទី១ សាងសង់ប្រឡាយចំហ ស្ថានីយបូមទឹកឆៅបំពង់មេនាំទឹកឆៅទំហំ ៧០០មីលីម៉ែត្រ ចំនួន ២ខ្សែ គុណ ៩,២ គីឡូម៉ែត្រ និង បំពង់មេនាំទឹកស្អាតទំហំចាប់ពី ៦០០មីលីម៉ែត្រ ដល់ ១ពាន់១០០មីលីម៉ែត្រ ប្រវែង ២៣ គីឡូម៉ែត្រ រយៈពេលសាងសង់ ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ១៦,៩%) និង កញ្ចប់ទី២ ផ្គត់ផ្គង់ និងដាក់បំពង់ចែកចាយទឹកស្អាត ចាប់ពីទំហំ ១១០មីលីម៉ែត្រ ដល់ ៥០០មីលីម៉ែត្រ ក្នុងតំបន់សេវាទី១-៧ (Zone 1-7) ប្រវែងសរុប ១៦៦គីឡូម៉ែត្រ រយៈពេលសាងសង់ពីថ្ងៃទី០១ខែមេសា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ៥៦,៣%)និងកញ្ចប់ទី៣ សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត សមត្ថភាព ៦០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ និង ផ្គត់ផ្គង់បរិក្ខារសម្រាប់ស្ថានីយ៍បូមទឹកឆៅ រយៈពេលសាងសង់ ពីថ្ងៃទី០២ ខែ មីនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២២ (លទ្ធផលសម្រេចបាន ១៥%) ។ លោក ឃុត វុត្យារិទ្ធិ ក៏បានបញ្ជាក់ថា បន្ទាប់ពីគម្រោងនេះបានបញ្ចប់ សមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាបនឹងកើនឡើង ពីសមត្ថភាពបច្ចុប្បន្ន ៣០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ទៅដល់ ៩០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ ដែលឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទឹកស្អាតក្នុងក្រុងសៀមរាបរហូតដល់ឆ្នាំ២០៣០ ។ លោកក៏បានលើកផងដែរ ថា ក្នុងពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ស្របពេលនៅខេត្តសៀមរាប ភ្ញៀវទេសចរណ៍មិនសម្បូរផងនោះ គឺជាឱកាសដ៏ល្អសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាប បានដំណើរការទៅដោយរលូន ទៅតាមផែនការដែលបានគ្រោងទុកផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here