បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ស្រុកជីក្រែង ខេត្តសៀមរាប នៅតែកើតពេញបន្ទុកសមត្តកិចពាក់ព័ន្ធមិនហ៊ានបង្រ្កាបប៉ះពាល់ផលប្រយោជន៌ផ្ទាល់ខ្លួន

0
17

17/11/2020
ប្រជានេសាទក្នុងឃុំមាត់ខ្លានិងឃុំកំពង់ឃ្លាំង ស្រុកជីក្រែង បានអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទៅលើមន្ត្រីរដ្ឋបាលជលផលនៅតំបន់បឹងទន្លេសាបនៃស្រុកជីក្រែង ខ្លះផង។ ដោយហេតុថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកជីក្រែង ដែលមានការបើកដៃពីសំណាក់លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប កំពុងបើកដៃឲ្យជនជាតិយួនឈ្មោះ សេង ហ៊ុង ហៅអាហុងក្បាលដែក និងបក្ខពួកបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ។ រីឯលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប មិនអើពើបង្ក្រាបបទល្មើសនេសាទដែលកើតឡើងយ៉ាងអនាធិបតេយ្យក្នុងស្រុកជីក្រែង ខេត្តសៀមរាប នោះឡើយ។
ប្រភពពីប្រជានេសាទនៅតំបន់បឹងទន្លេសាបនៃឃុំកំពង់ឃ្លាំង និងឃុំមាត់ខ្លា ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅតែកើតឡើងយ៉ាងគំហុកព្រោះមន្ត្រីអាជ្ញាធរខេត្តសៀមរាប និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ ប្រជានេសាទបានលើកឡើងថា ទាំងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក។ ប្រការនេះកំពុងធ្វើឲ្យធនធានមច្ឆជាតិក្នុងតំបន់បឹងទន្លេសាប ស្រុកជីក្រែង ត្រូវប្រឈមនឹងសេចក្តីវិនាសព្រោះមន្ត្រីរដ្ឋបាលជលផល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធឃុបឃិតឲ្យបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យ។

តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង បានឲ្យដឹងថា ជនជាតិយួនឈ្មោះ សេង ហ៊ុង ហៅអាហុងក្បាលដែក ជាមេខ្លោងធំខាងរត់ការឲ្យបក្ខពួករបស់ខ្លួនប្រើឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌បៃតង អួនក្រឡាញឹក និងរបាំងស្បៃមុង ចាប់ត្រីយ៉ាងមហន្តរាយ។ ប្រភពបានឲ្យដឹងទៀតថា ជនជាតិយួនឈ្មោះ សេង ហ៊ុង ហៅអាហុងក្បាលដែក ជាកូនធម៌ របស់លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប ទើបមានឥទ្ធិពលធំធេងក្នុងការប្រព្រឹត្តបទល្មើសនេសាទយ៉ាងពេញបន្ទុក។ ដូច្នេះ លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប គួរពិនិត្យឡើងវិញជាបន្ទាន់ហើយចាត់វិធានការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ស្រុកជីក្រែង ប្រកបដោយប្រសិទ្ធភាព។បឋម

LEAVE A REPLY

Please enter your comment!
Please enter your name here