មិនទាន់ឃើញសមត្ថកិច្ចបង្ក្រាប និងចាត់វិធានការទប់ស្កាត់នៅឡើយ ដើមឈើលិចទឹកធំៗ បឹងទន្លេសាប ខេត្តកំពង់ឆ្នាំង រងការកាប់បំផ្លាញ នៅកំពង់ឆ្នំាង

0
21

(ថ្ងៃទី 18 ខែវិឆ្ចិកា 2020 ម៉ោង 3:42ម៉ោង

(កំពង់ឆ្នាំង)៖ ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃលិចទឹកខាងនេះ បើតាមប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាប

បានប្រាប់ថា គឺមានសកម្មភាពជាយូរណាស់មកហើយឱ្យតែដល់រដូវនេះ គឺអំឡុងខែវិច្ឆិកា និងខែធ្នូ ដែលជារដូវគេ ចាប់ផ្ដើមដាក់សម្រាស់យកត្រី គឺជនល្មើសតែងតែបានដើរកាប់រំលំដើមឈើព្រៃលិចទឹក ទាំងតូចទាំងធំ ដើម្បីយកមកដាក់ធ្វើជាសម្រាស់ឱ្យត្រីកុំ លុះដល់ខែសម្រក គឺក្នុងខែមករា ខែកុម្ភៈ ខែមិនា ពិសេសមុនរដូវចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ ពួកគេបានចាប់ផ្ដើម ចាប់ត្រីនៅក្នុងសម្រាស់ ដោយប្រើអួនហ៊ុជុំវិញសម្រាប់រួចហើយ គេក៏ចាប់ផ្តើមកៀរយកត្រីតែម្តង។

ដើមឈើធំៗ ដែលជាដើមឈើព្រៃលិចទឹកជាច្រើនកន្លែង ស្ថិតនៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រទឹកដី នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានរងនូវការកាប់បំផ្លាញពីក្រុមជនល្មើស ដែលពួកគេកំពុងតែធ្វើសកម្មភាពកាប់បំផ្លាញជារៀងរាល់ថ្ងៃ ដោយមិនឃើញមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានធ្វើការបង្ក្រាប និងមានវិធានការទប់ស្កាត់នៅឡើយទេ។

ប្រជាពលរដ្ឋបានបន្តថា ការដាក់សម្រាស់ឱ្យត្រីកុំដើម្បីចាប់យកត្រីនេះ គឺកើតមានជាច្រើនឆ្នាំមកហើយ ដែលត្រូវបានជនល្មើសដាក់យកត្រី ស្ទើនៅពាសពេញទន្លេ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ឆ្នាំង ដែលសម្រាស់ទាំងអស់នោះ ត្រូវបានគេដាក់នៅតាមបឹង ត្រពាំង ព្រែក ទន្លេ។ល។ ។

បើតាមមន្ត្រីជំនាញផ្នែកជលផល ធ្លាប់បានប្រាប់ថា ការដាក់សម្រាស់ដើម្បីចាប់យកត្រី គឺជាបទល្មើសដែលត្រូវបានច្បាប់ហាមឃាត់ដាច់ខាត ព្រោះវាប៉ះពាល់ទីមួយការធ្វើឱ្យគោករាក់ទន្លេ ទីពីរការ កាប់បំផ្លាញព្រៃលិច ទឹកនៅក្នុងទន្លេ ព្រោះការដាក់សម្រាស់នេះ ក្រៅពីការកាប់យកមែកឈើពី ព្រៃលិចទឹកមកដាក់ធ្វើជាសម្រាស់ គឺមិនមានអ្វីផ្សេងមកដាក់ជំនួសបានឡើយ។

ជាក់ស្ដែងនាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ត្រីជំនាញជលផលក្រោមការបញ្ជាផ្ទាល់ពីលោក តាត សីហាក់ នាយផ្នែករដ្ឋ បាលជលផលកំពង់លែង បានចាប់ឃាត់ទូកដឹកសម្រាស់មួយគ្រឿង ដែលមានសម្រាស់ជាច្រើន យកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលប្រឡាយមាស។ ពាក់ព័ន្ធក្នុងការចាប់ឃាត់ទូកដឹកសម្រាស់ខាងលើនេះ។

បន្ថែមពីនេះនាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់លែង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ លោកបានស្រាវជ្រាវចាប់បានជនល្មើសបាន ១នាក់ ក្នុងចំណោម ២នាក់ ដែលជាអ្នកកាប់បំផ្លាញព្រៃលិចទឹក ហើយលោកក៏បានកសាងសំណុំរឿងបញ្ជូនមកតុលាការហើយដែរ។

ព្រៃលិចទឹកមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល រហូតដល់មានការកំណត់ថាព្រៃលិចទឹក ជាកត្តាស្លាប់រស់របស់វិស័យជលផលទៀតផង ហើយត្រូវបានកំណត់នៅក្នុងច្បាប់ស្តីពីផលថាជាដែននេសាទ ដែលត្រូវថែរក្សាការពារយ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីធានាកុំឱ្យបាត់បង់។ ព្រៃលិចទឹកក៏មានតួនាទីចម្បង ក្នុងវិស័យជលផល ដែលគួរឱ្យចាប់អារម្មណ៍ដូចជា៖ ព្រៃលិចទឹកជាទីជម្រកយ៉ាងសំខាន់ជាប្រភពផ្ដល់ចំណី និងជាកន្លែងពងកូនយ៉ាងកក់ក្តៅរបស់ហ្វូងមច្ឆជាតិ និងសត្វផ្សេងៗទៀត ដែលជាធនធានជលផល ព្រោះថានៅក្នុងព្រៃលិចទឹកមានចំណីធម្មជាតិយ៉ាងសំបូរបែបដែលអាចបំប៉នជីវចម្រុះធនធានជលផលខាងលើនេះ ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

ព្រៃលិចទឹកមានតួនាទីដ៏ពិសិដ្ឋក្នុងការទប់ ស្កាត់ការហូរច្រោះដី ពីទីទួលទៅកាន់ទីទាបនឹងការដុះដីនៅក្នុងទីទំនាបហើយយ៉ាងហោ ចណាស់ក៏ព្រៃលិចទឹកអាចជួយបន្ថយល្បឿននៃការហូរច្រោះដី នឹងដុះដីជារៀងរាល់ឆ្នាំ ដែលជាប្រភពនៃការគោករីងបណ្ដាលឱ្យខូចដែននេសាទ។ ព្រៃលិចទឹកក៏ជារបាំងខ្យល់ព្យុះ ការពារលំនៅដ្ឋានរបស់ប្រជានេសាទ ឬប្រជាពលរដ្ឋដែលមានលក្ខណៈជាភូមិបណ្ដែ តទឹក ឬភូមិក្នុងទឹកតាមមាត់ទន្លេ ព្រៃលិចទឹកក៏បានផ្ដល់តាមរយៈសោភ័ណភាពធម្មជាតិ នៅទេសភាពយ៉ាងប្រណីតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងការដើរកម្សាន្តផងដែរ។ ហេតុនេះព្រៃលិចទឹកជាកត្តាចាំបាច់សំខាន់ក្រៃលែង សម្រាប់វិស័យជលផលដោយពុំអាចខ្វះបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here