ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តនិងរដ្ឋបាលខេត្ត បើកវេទិកា ផ្សព្វផ្សាយនិងពិគ្រោះយោបល់ឆ្នាំទី២ អាណត្តិទី៣ ខេត្តឧត្តរមានជ័យ

0
8

ឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យបានថ្លែងថាគោលបំណងបើក វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះ គឺដើម្បីបង្កើននូវវប្បធម៌ពិភាក្សារវាងក្រុមប្រឹក្សា រដ្ឋបាលខេត្ត ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាពនិងសមធម៌ ក្នុងកិច្ចដំណើរការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យដឹកនាំដោយឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលរងខេត្ត តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ថម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញជាអធិបតី ដោយមានអ្នកចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុក មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកមេឃុំ ចៅសង្កាត់ មេភូមិ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តចាប់ពីថ្ងៃទី១៧ ១៨ ១៩ ខែវិច្ចិកាឆ្នាំ២០២០ តាមបណ្តាក្រុងស្រុក៥នៃខេត្តឧត្តរមានជ័យ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យក្នុងឪកាសនេះមានសារៈសំខាន់ណាស់ ព្រោះវេទិកានេះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ ជាពិសេសនោះនឹងផ្តល់ឪកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួម ទាំងបញ្ហាប្រឈមរបស់ខ្លួន នៅក្នុងមូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីអោយវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនេះមកពិចារណាពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ប្រធានវេទិកា ក៍បានថ្លែងសអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here