កម្មករ ៣៥ នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្ត៥ បុកតកន្ទុយគ្នា

70

យ៉ាង​ហោច​ណាស់​កម្មករ​ កម្មការិនី​ចំនួន​៣៥​នាក់​ បាន​រង​របួសធ្ងន់​ស្រាល​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​៥​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​ ដែល​មាន​ទិស​ដៅ​ពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះ​សីហ​នុ​។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ​បានឲ្យដឹងថា​ រថយន្ត​ដឹក​កម្មករ​ចំនួន​ ០៤​គ្រឿង​ និង​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​បានបុកតកន្ទុយគ្នា បណ្ដាលឲ្យមនុស្ស៣៥នាក់ រងរបួស នៅថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៨​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិត​នៅ​ក្នុងភូមិ​ពូ​ធឿ​ង​ ឃុំ​បិត​ត្រាង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​តាមការចុះផ្លោសាយដដែលលោក អ៊ី​ សុខា​ ស្នងការ​រង​ខេត្ត​បានឱ្យ​ដឹង​ថា​មូលហេតុ​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-6175​ ដឹក​ទឹកកក​មាន​ទិស​ដៅ​ពី​ខេត្តកំពត​ ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។

តាមការចុះផ្សាយដដែលមុន​ពេល​កើតហេតុ​រថយន្ត​ដឹក​ទឹកកក​ អស់​ប្រេង​ហ្វ្រាំង​បាន​ឈប់​ចាក់​ប្រេង​ហ្វ្រាំង​ នៅ​ចំណុច​ស្មាច់​ដែង​ រួច​បន្តដំណើរ​ទៅ​មុខ​ លុះដល់​ចំណុច​កើតហេតុ​ រថយន្ត​ដឹក​ទឹកកក​ បម្រុង​ឡើង​វ៉ា​ជែង​រថយន្ត​ដឹក​កម្មករ​ ពេល​ឃើញ​ឧបសគ្គ​មក​ពី​ខាង​មុខ​ក៏​បាន​គេច​ចូល​មក​វិញ​បុក​ពី​ខាងក្រោយ​រថយន្ត​ មួយ​គ្រឿង​ម៉ាក​ SSANGYONG​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AA-7657​ បុក​បន្ត​រថយន្ត​ទី​២​ ម៉ាក​ SSANGYONG​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2M-6306​ បុក​បន្ត​រថយន្ត​ទី​៣​ ម៉ាក​ SSANGYONG​ ពណ៌​ លឿង​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 2A-5786​ បុក​បន្ត​រថយន្ត​ទី​៤​ ម៉ាក​ SSANGYONG​ ពណ៌​ ខៀវ​ ពាក់​ស្លាក​ លេខ​ព្រះ​សីហ​នុ​ 2A-4594​។​

តាមការចុះផ្សាយដដែលគ្រោះថ្នាក់ ​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​ ៣៥​នាក់​ស្រី​ ៣១​នាក់​,​ រង​របួសស្រាល​ចំនួន​ ៣២​នាក់​,​ ស្រី​៣០​នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ លិ​ គឹ​ម​ឌី​ វាល​រេញ​ចំនួន​ ១២​នាក់​ស្រី​ បន្ទប់​ព្យាបាល​គី​យ៉ា​ដេ​ត​ ២​នាក់​ស្រី​ ១​នាក់​ មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ១៨​នាក់​ស្រី​ ១៧​នាក់​។​ ​

ចំណែកអ្នករង​របួសធ្ងន់​បាក់ជើង​ចំនួន​ ៣​នាក់​ស្រី​ ០១​នាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេ​តេ​ចំនួន​ ០១​នាក់​ស្រី​ និង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ចំនួន​ ០២​នាក់​ប្រុស​ ​រីឯ​វត្ថ​តាង​រថយន្ត​ចំនួន​ ០៥​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕