ចិននឹងកាត់បន្ថយពន្ធនាំចូលរថយន្ត

72

ប្រទេសចិននិយាយថាខ្លួននឹងកាត់បន្ថយពន្ធនាំចូលរថយន្តនិងគ្រឿងបន្លាស់រថយន្តជាមួយកិច្ចប្រឹងប្រែងជាក់ស្តែងដើម្បីបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន។

សេចក្តីប្រកាសនេះធ្វើឡើងនៅពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាអំពីមធ្យោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

ក្រសួងហិរញ្ញវត្ថុចិនបានប្រកាសកាលពីថ្ងៃអង្គារថាពន្ធគយលើរថយន្តយន្តនឹងត្រូវបានបន្ថយមកនៅត្រឹម 15% ចាប់ពីថ្ងៃទី 1 ខែកក្កដា។

ពន្ធនាំចូលនាពេលបច្ចុប្បន្នគឺ 25% សម្រាប់រថយន្តដឹកអ្នកដំណើរ និងរថយន្តក្រុងនិង 20 % សម្រាប់រថយន្តដឹកទំនិញ។

កាតព្វកិច្ចនាំចូលពី 8% ទៅ 25% លើផ្នែកគ្រឿងបន្លាស់រថយន្តនឹងត្រូវកាត់បន្ថយមកត្រឹម 6%។

កាលពីខែមុនលោកប្រធានាធិបតីចិនស៊ី ជីនពីង បានប្រកាសពីផែនការកាត់បន្ថយពន្ធលើទំនិញនាំចូលដែលជាមធ្យោបាយដើម្បីបើកចំហរទីផ្សាររបស់ប្រទេស។

មន្រ្តីជាន់ខ្ពស់មកពីប្រទេសចិននិងសហរដ្ឋអាមេរិកក៏បានឯកភាពដែរកាលពីសប្តាហ៍មុនដើម្បីបង្កើនការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនដើម្បីជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំរបស់អាមេរិក។

សហរដ្ឋអាមេរិកបាននាំចេញរថយន្តមានចំនួនប្រហាក់ប្រហែល 8% ទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន៕