ចិនបានរាយការណ៍អំពីករណីស្លាប់ទី២ ពាក់ព័ន្ធទៅនឹងវីរុសផ្តាសាយថ្មី

9

អាជ្ញាធរក្នុងទីក្រុងវូហានរបស់ប្រទេសចិនបានប្រកាសពីករណីស្លាប់ទី២ ដោយសារជំងឺរលាកសួតដែលសង្ស័យថាបណ្តាលមកពីវីរុសផ្តាសាយថ្មី។

អាជ្ញាធរសុខាភិបាលក្រុងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាជនរងគ្រោះចុងក្រោយគឺបុរសអាយុ ៦៩ ឆ្នាំ។

ពួកគេនិយាយថាគាត់ធ្លាក់ខ្លួនឈឺនៅថ្ងៃទី ៣១ ធ្នូ។ ស្ថានភាពគាត់កាន់តែយ៉ាប់យ៉ឺនក្រោយពេល ៤ ថ្ងៃ។ គាត់បានទទួលមរណភាពកាលពីថ្ងៃពុធនៅក្នុងមន្ទីរពេទ្យមួយនៅទីក្រុងវូហាន ដែលជាទីក្រុងនៃខេត្តហ៊ើប៉ីភាគកណ្តាលប្រទេសចិន។

ប្រភេទថ្មីនៃវីរុសផ្តាសាយនេះត្រូវបានគេកំណត់អត្តសញ្ញាណដំបូងនៅទីក្រុងវូហាន។ ជំងឺរលាកសួតដែលគិតថាបណ្តាលមកពីវីរុសបានរីករាលដាល។

អាជ្ញាធរមូលដ្ឋានបាននិយាយថាគិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្ស ៤១ នាក់ត្រូវបានអះអាងថាបានឆ្លងវីរុសផ្តាសាយនេះ។ក្នុងនោះ ២ នាក់បានស្លាប់ ៥ នាក់ទៀតកំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ខណៈ ១២ នាក់ទៀតបានធូរស្រាលនិងចេញពីមន្ទីរពេទ្យ។

នៅប្រទេសចិន ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិននឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍ក្រោយរយៈពេល ៧ ថ្ងៃ។ គេរំពឹងថាអាជ្ញាធរនឹងពង្រឹងការឃ្លាំមើលសកម្មភាពក្នុងស្រុកក៏ដូចជាសកម្មភាពក្រៅប្រទេសរបស់ប្រជាជនដើម្បីពិនិត្យមើលការឆ្លងដែលអាចកើតមាន។

កាលពីថ្ងៃព្រហស្បតិ៍ ករណីឆ្លងវីរុសផ្តាសាយថ្មីនៅប្រទេសជប៉ុនត្រូវបានប្រកាសកើតមាន លើបុរសជនជាតិចិនម្នាក់រស់នៅក្នុងខេត្តកាណាហ្គាវ៉ាស្ថិតនៅភាគខាងត្បូងទីក្រុងតូក្យូ។ គាត់បានត្អូញត្អែរពីរោគសញ្ញានៃជំងឺរលាកសួតបន្ទាប់ពីបានទៅលេងទីក្រុងវូហាន៕