វេជ្ជបណ្ឌិត Li Wenliang ដែលចេញសារព្រមានពីកូរ៉ូណាវីរុសមុនគេបានស្លាប់ដោយសារកូរ៉ូណាវីរុស

58

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានអោយដឹងថាវេជ្ជបណ្ឌិតម្នាក់ដែលបានព្យាយាមព្រមានអ្នកដទៃអំពីការផ្ទុះឡើងនៃកូរ៉ូណាវីរុសនេះកាលពីខែធ្នូបានស្លាប់ដោយសារការឆ្លងមេរោគនេះ។

សារព័ត៌មាន Global Times បាននិយាយថាលោកវេជ្ជបណ្ឌិត Li Wenliang អាយុ ៣៤ ឆ្នាំដែលជាអ្នកជំនាញផ្នែករោគភ្នែកធ្វើការនៅទីក្រុងវូហានបានទទួលមរណភាពនៅម៉ោង ៣ ព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃសុក្រ។

លោកវេជ្ជបណ្ឌិត Li បានលើកឡើងពីការព្រួយបារម្ភអំពីកូរ៉ូណាវីរុសថ្មីនៅថ្ងៃទី ៣០ ខែធ្នូនៅពេលគាត់បានផ្ញើសារទៅកាន់ក្រុមអតីតនិស្សិតពេទ្យរបស់គាត់ដោយព្រមានពួកគេឱ្យស្លៀកសម្លៀកបំពាក់ការពារ។
លោកវេជ្ជបណ្ឌិត Li បានប្រាប់ពួកគេថាអ្នកជំងឺ ៧ នាក់មកពីផ្សារអាហារសមុទ្រក្នុងតំបន់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺដូច SARS ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យ។

រូបចេញពី screenshot នៃសារនោះបានចែកចាយជាសាធារណៈនៅលើបណ្តាញសង្គម Weibo ដែលជាកំណែ Twitter របស់ប្រទេសចិនហើយគាត់និងមនុស្ស ៧ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយពាក្យចចាមអារ៉ាមដោយប៉ូលិសវូហានដែលបានព្យាយាមបំបិទមាត់គាត់។

លោកវេជ្ជបណ្ឌិតត្រូវបានគេបង្ខំឱ្យចុះហត្ថលេខាលើលិខិតមួយដែលបានចោទប្រកាន់គាត់ពីបទ “ការធ្វើអត្ថាធិប្បាយមិនពិត” ដែល “ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ”។

ក្រោយមកអាជ្ញាធរក្នុងតំបន់បានសុំទោសលោកវេជ្ជបណ្ឌិត Li។
លោកវេជ្ជបណ្ឌិត Li បានធ្លាក់ខ្លួនឈឺកាលពីដើមខែមករាបន្ទាប់ពីបានព្យាបាលស្ត្រីដែលមានជំងឺដក់ទឹកក្នុងភ្នែកហើយត្រូវបានបញ្ជាក់ថាមានផ្ទុកកូរ៉ូណាវីរុសនៅថ្ងៃទី ១ ខែកុម្ភៈ។

នៅពេលទទួលដំណឹងពីការស្លាប់របស់គាត់ អង្គការសុខភាពពិភពលោកបានសរសេរតាមបណ្តាញសង្គម Twitter ថា “យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោកវេជ្ជបណ្ឌិត Li Wenliang។ យើងទាំងអស់គ្នាត្រូវអបអរសាទរចំពោះការងារដែលគាត់បានធ្វើទាក់ទងនិង # 2019nCoV”៕