អាជ្ញាធរខេត្តកំពង់ធំប្ដេជ្ញាបិទអាជីវកម្មល្បែងឡូតូនៅក្នុងខេត្តកំពង់ធំទាំងអស់ចាប់ពីពេលនេះតទៅ

70

 

(កំពង់ធំ)៖លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំប្ដេជ្ញាបិទអាជីវកម្មល្បែងឡូតូនៅក្នុងខេត្តកំពង់ធំទាំងអស់
ចាប់ពីពេលនេះតទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ងួន រាសី ថ្លែងថាកិច្ចប្រជុំថ្ងៃនេះជាសេចក្តីជូនដំណឹងបន្ទាន់ដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ក្នុងខេត្តកំពង់ធំដែលគ្មានច្បាប់អនុញ្ញាតដោយទុករយៈពេល ០៧ថ្ងៃ ប៉ុន្តែត្រូវអនុវត្តចាប់ពីពេលនេះតទៅ។

លោកបានបញ្ជាក់ថាមន្ត្រីជំនាញនិងអាជ្ញាធរក្រុងស្រុក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនឬទីតាំងល្បែងនោះ មានច្បាប់ហើយ យើងត្រូវតែអនុញ្ញាត។

លោក ងួន រាសី បន្តទៀតថានេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាលភិបាលក្នុងការជូនដំណឹងដល់ប្រតិបត្តិ្កករទាំងអស់បានជ្រាបថាដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តន៍និតិវិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ។ ប្រសិនបើមិនមានច្បាប់អនុញ្ញាតិទេ សូមផ្អាកជាបន្ទាន់ ហើយមិនដូច្នោះទេ និងត្រូវកសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។

គួរបញ្ជាក់ថានៅខេត្តកំពង់ធំ មានទីតាំងល្បែងចំនួន៣៩១ តែមាន៣ទីតាំងប៉ុណ្ណោះ មានច្បាប់អនុញ្ញាតក្នុងនោះ២ទីតាំងក្នុងក្រុងស្ទឹងសែន និង១ទីតាំងនៅស្រុកកំពង់ស្វាយ៕