ឯកឧត្តម បណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ 

30

 

(កំពង់ធំ)÷ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍភាពយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងលោក លោកស្រីប្រធានអនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្រុកទាំង៩។

នៅក្នុងឱកាសនេះផងដែរឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ជិតមកដល់ហើយដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ សូមឱ្យប្រធានគណបក្ស/ក្រុងស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ និងបង្រៀនពីការគូសស្លឹកឆ្នោតឱ្យបានត្រឹមត្រូវផងដែរ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា សម្រាប់កិច្ចប្រជុំពិនិត្យវឌ្ឍភាពយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤បោះឆ្នោតខាងមុខនេះប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។ ចូលរួមផ្សព្វផ្សាយបន្ថែមពីសេចក្តីថ្លែងការណ៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ក្រុង/ស្រុកទាំង៩ឲ្យបានទូលំទូលាយ។ ចុះពិនិត្យការសង្គ្រោះស្រូវប្រាំងដែលមានបញ្ហាខ្វះទឹក ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងមូល។ ចូលរួមទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ សូមផ្សព្វផ្សាយពីខ្លឹមសារមួយចំនួនឱ្យបានទូលំទូលាយតាមក្រុងស្រុក ជៀសវាងកុំឱ្យមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋាន។