លោកប្រាយុទ្ធ ទទូចកុំអោយប្រព័ន្ធផ្សព្វផ្សាយសួររដ្ឋមន្រ្តីក្រសួងការពារជាតិរឿងពាក់នាឡិកា និងចិញ្ជៀនពេជ្រតម្លៃរាប់ម៉ឺនដុល្លារ

62

កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយមិនឱ្យសួរសំណួរលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ប្រាវីត វ៉ុងស៊ូវ៉ាន ជុំវិញរឿងលោកពាក់នាឡិកានិងចិញ្ចៀនពេជ្ររបស់គាត់ ដែលមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។

លោកនាយករដ្ឋមន្ត្រីរូបនេះ បានជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយកុំដាក់សម្ពាធខ្លាំងពេកទៅលើលោកប្រាវីត ដែលជានីតិវិធីច្បាប់ត្រូវបានបន្ត។ លោកជឿជាក់ថា ឧបនាយករដ្ឋមន្ត្រីរបស់លោកមិនជាប់ពាក់ព័ន្ធនឹងការអនុវត្តអំពើពុករលួយនោះទេ។

លោកឧបនាយករដ្ឋមន្រ្តីរូបនេះ បានស្ថិតនៅក្រោមការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីរូបភាពមួយបង្ហាញថា គាត់លើកដៃស្ដាំរបស់គាត់ការពារភ្នែកពីពន្លឺព្រះអាទិត្យ ដែលគាត់ពាក់នាឡិកា Richard Mille និងចិញ្ចៀនពេជ្រ។ បើយោងតាមរបាយការណ៍ក្នុងស្រុកមួយចំនួន បានឱ្យដឹងថា លោកប្រាវីតបានអះអាងថា លោកបានទទួលចិញ្ចៀនពេជ្រពីម្តាយរបស់លោក ហើយនាឡិកានេះ ត្រូវបានខ្ចីពីមិត្តភ័ក្តិអាជីវករម្នាក់។

សូមបញ្ជាក់ថា លោក Srisuwan Janya ដែលជាអគ្គលេខាធិការនៃសមាគមការពាររដ្ឋធម្មនុញ្ញថៃ បានបញ្ជាក់ថា លោកនឹងដាក់ញ្ញតិ្តទៅកាន់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បតិ៍ ដោយស្នើឲ្យអង្គភាពនេះ ស៊ើបអង្កេតលើករណីរដ្ឋមន្ត្រីការពារជាតិ ដែលក្លាយជាអ្នកមានខុសប្រក្រតី។ លោកប្រាវីតបានពាក់នាឡិកាដៃម៉ាក Richard Mille ដែលមានតម្លៃ ២,៦លានបាត ឬស្មើ ៧ម៉ឺន៧ពាន់ដុល្លារអាមេរិក៕