យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅស្រុកស្ទោង លោកស្រី ឃួន ឃុនឌី ៖ អង្គបោះឆ្នោតទាំងអស់មិនត្រូវបានការគំរាមកំហែងពីគណបក្សនយោបាយណាមួយឡើយ

19

(កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី បេក្ខជនពេញសិទ្ធជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្លែងថាអង្គបោះឆ្នោតទាំងអស់មិនត្រូវបានការគំរាមកំហែងពីគណបក្សនយោបាយណាមួយឡើយ។

លោកស្រី ឃួន ឃុនឌី បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកស្រីបានលើកឡើងថា ការបោះឆ្នោតនេះមានសារៈសំខាន់សូមឱ្យអង្គបោះឆ្នោតទាំងអស់ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំឱ្យមានកំហុស និងបានជំរុញឱ្យប្រធានគណបក្សស្រុក ត្រូវតែត្រួតពិនិត្យ ពិសេសនោះគឺនៅថ្ងៃទី២៤ មុនមួយថ្ងៃឱ្យបានច្បាស់លាស់ថា តើក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោតមានឯកសារគ្រប់គ្រាន់ហើយ ឬនៅ? ប្រសិនបើមានការខ្វះចន្លោះនឹងចាត់វិធានការដោះស្រាយជាបន្ទាន់ សំដៅធានាបានប្រសិទ្ធភាពការងារ។

លោកស្រីបន្តថាគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ឯក បិតាសន្តិភាពដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេឱ្យមានការរីកចម្រើនដូចឃើញសព្វថ្ងៃ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ពិសេសដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងកាន់តែខិតខំប្រឹងប្រែងដឹកនាំកសាងប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍន៍៕

នៅក្នុងពិធីយុទ្ធនាការបោះឆ្នោតនេះលោកស្រីបានលើកឡើងពីសេចក្តីថ្លែងការណ៍លេខ ០០២ គជប របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
ដល់សមាជិកសមាជិកាដែលជាអង្គបោះឆ្នោត ដោយបង្ហាញពីគោលជំហរនិងគាំទ្រនៅសេចក្តីសម្រេចនេះយ៉ាងពេញទំហឹង ព្រមទាំងប្រឆាំងដាច់ខាតនៅរាល់សកម្មភាពទាំងឡាយណាជាការគំរាមកំហែង បំភិតបំភ័យដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត នឹងបង្កឲ្យមានចលាចលកើតឡើង និងផ្ទុយពីលក្ខន្តិកៈនិងលិខិតបទដ្ឋានគតិយុត្តិរបស់គជបនិងក្រសួងមហាផ្ទៃបានកំណត់។

លោកស្រី ឃួន ឃុនឌី សំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួន ឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ដើម្បីរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ១០០% ដែលមានលេខរៀងទី១រូបសញ្ញាទេវតាបាចផ្កាជាសម្គាល់។