រដ្ឋបាលខេត្តកំពង់ធំ÷ ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា

20

 

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរង ខេត្តកំពង់ធំបានលើកឡើងថាទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា។ ឯកឧត្តមបានថ្លៃងដូចនេះនៅក្នុងកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ១២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ ” ទីក្រុងស្អាតដើម្បីទេសចរណ៍”។

ឯកឧត្តមមានប្រសាសន៍ថាក្រុងស្ទឹងសែនរបស់យើងទទួលបានចំណាត់ថ្នាក់រំដួល២ទង ដែលជាក្រុងមួយទទួលបានការកោតសរសើរជាទីក្រុងស្អាតនិងមានបរិស្ថានល្អ ក៏ប៉ុន្តែទីក្រុងដែលស្អាតល្អជាងនេះគឺជាចំណាត់ថ្នាក់រំដួល៣ទងដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងដើម្បីប្រែក្លាយទៅជាក្រុងគំរូ។

យើងមានទីលានចាក់សំរាមនៅភូមិត្រពាំងឬស្សីឃុំត្រពាំងឬស្សីដែលជាកន្លែងទុកដាក់សំរាមលក្ខណៈស្តង់ដាដូចនេះរាល់សម្រាមទាំងអស់ត្រូវយកទៅរក្សាទុកនៅទីលាននោះដែលមានផ្ទៃដីជាង ២០ហិចតា ហើយទីកន្លែងចោលសំរាមដទៃទៀតត្រូវបានហាមឃាត់។

ក្រុងស្ទឹងសែនយើងទទួលបានហិរញ្ញប្បទានពី ADB ១០លានដុល្លារក្នុងការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ទោះបីជាវាមិនទាន់បានគ្រប់ជ្រុងជ្រោយក៏ដោយក៏ប្រព័ន្ធនេះបានជួយដល់ការរលំហូរទឹកកខ្វក់ចេញពីក្រុងបានមួយភាគធំផងដែរ។

ពីមុនយើងមើលផ្លវ យើងមើលភ្លើង ឥឡូវនេះយើងមើលទៅលើសំរាមដែលជាបញ្ហាចាំបាច់បំផុតដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ភូមិឃុំមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សានិងទុកដាក់សំរាមប្រកបដោយសុវត្ថិភាព ពិសេសគឺនៅតាមសាលារៀនដែលតម្រូវឲ្យទីកន្លែងសិក្សានោះត្រូវតែស្អាតជាប្រចាំនេះត្រូវតែទាមទារវិធានការច្បាស់លាស់ពីរគណៈគ្រប់គ្រងសាលា និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស។

ឯកឧត្តមបានសង្កត់ធ្ងន់ថាមានតែការចូលរួមទាំងអស់គ្នាទេទើបធ្វើឲ្យក្រុងស្ទឹងសែនរបស់យើងខ្លាយទៅជាទីក្រុងស្អាតទទួលបានចំណាត់ថ្នាក់ល្អព្រមទាំងទទួលបានការវាយតម្លៃខ្ពស់នឹងក្លាយទៅជាក្រុងគំរូទៀតផង។

នៅចុងបញ្ចប់នៃកម្មវិធីនេះឯកឧត្តមសំណូមពរហើយមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមសំអាតទីក្រុងទីក្រុងទៅតាមមុខព្រួញដែលរដ្ឋបាលក្រុងបានដាក់ផែនការជូន ហើយត្រូវនិយាយថាទីក្រុងនិងភាពស្អាត។