រដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងអាមេរិក ព្រមព្រៀងគ្នាដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ និងមីស៊ីលផ្លោង

38

អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បានប្រាប់ឲ្យដឹងថា លោក Rex Tillerson និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov បានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងអំឡុងពេលការសន្ទនាឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ។ ហើយពួកគេទាំងពីរ បានព្រមព្រៀងគ្នាធ្វើការរួមគ្នាដោយសន្តិភាព ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។

អ្នកទាំងពីរបានពិភាក្សាគ្នាអំពីកង្វល់ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ អស្ថិរភាពរបស់កូរ៉េខាងជើង និងបានសង្កត់ធ្ងន់ថា ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី មិនបានស្គាល់កូរ៉េខាងជើងថា ជារដ្ឋថាមពលនុយក្លេអ៊ែរនោះទេ។ នៅឆ្នាំនេះកូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរទី៦ និងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន និងការបាញ់មីស៊ីលជាបន្តបន្ទាប់ ដែលរួមមានការសាកល្បងមីស៊ីលឆ្លងទ្វីបថ្មី ដែលអាចបាញ់ទៅដល់គ្រប់ទីកន្លែងនៅលើទឹកដីសហរដ្ឋអាមេរិក។

ក្រុងវ៉ាស៊ីនតោនបានជំរុញយុទ្ធនាការដោយបង្ខិតបង្ខំអតិបរមានៃទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីបង្ខំរដ្ឋាភិបាលព្យុងយ៉ាងឱ្យឈប់កម្មវិធីនុយក្លេអ៊ែរ។ ក៏ប៉ុន្តែការព្រួយបារម្ភបែបនេះ ក៏នៅតែកើតមានចំពោះការវាយប្រហារដោយយោធាអាមេរិក ដែលអាចធ្វើទៅបានចំពោះកូរ៉េខាងជើង។

លោក Tillerson និងលោក Lavrov បានយល់ស្របថា ពួកគេនឹងបន្តធ្វើការឆ្ពោះទៅរកដំណោះស្រាយការទូតដើម្បីសម្រេចបាននូវឧបទ្វីបកូរ៉េ ដែលគ្មានអាវុធនុយក្លេអ៊ែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី ដែលដកស្រង់សម្តីដោយ AFP ថា លោក Lavrov បានប្រាប់លោក Tillerson ថា វាចាំបាច់ដើម្បីផ្លាស់ប្តូរពីភាសានៃការដាក់ទណ្ឌកម្មទៅកាន់ដំណើរការចរចាឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារក៏បាននិយាយផងដែរថា លោក Lavrov បានគូសបញ្ជាក់ថា វាមិនអាចទទួលយកបានទេ ក្នុងការបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ ដោយប្រើប្រាស់ជំរើសយោធារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះក្រុងព្យុងយ៉ាង និងការបង្កើនការរៀបចំយោធានៅក្នុងតំបន់៕