ការចូលរួមកូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិក នឹងមើលឃើញពីតំលៃនៃការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ

38

សេតវិមានបាននិយាយថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិក នឹងផ្តល់ឱកាសឱ្យរបបនេះ មើលឃើញពីតំលៃនៃការលុបបំបាត់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកូរ៉េខាងជើងបានយល់ព្រមបញ្ជូនគណៈប្រតិភូទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារនៅទីក្រុង Pyeongchang ក្នុងអំឡុងពេលកិច្ចចរចាអន្តរកូរ៉េជាន់ខ្ពស់។

អ្នកនាំពាក្យរូបនេះ បាននិយាយនៅក្នុងអ៊ីមែលផ្ញើទៅយ៉ុនហាប់នៅក្នុងលក្ខខណ្ឌអនាមិកថា ការចូលរួមរបស់កូរ៉េខាងជើង គឺជាឱកាសមួយសម្រាប់របបនេះ ដើម្បីមើលពីតម្លៃនៃការបញ្ចប់ការឃ្លាតឆ្ងាយពីអន្តរជាតិរបស់ខ្លួន ដោយការលុបចោលក​ម្មវិធីអាវុធនុយក្លេអ៊ែរ។ ដោយឡែក បើយោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ត្រាំ គ្រោងនឹងប្រកាសពីគណៈប្រតិភូសហរដ្ឋអាមេរិក ទៅកាន់កីឡាអូឡាំពិច នាពេលឆាប់ៗនេះដែរ។ លោកត្រាំប្តេជ្ញាបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មួយ នៅក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូនចេអ៊ី​ន នៅក្នុងសប្តាហ៍មុន។

សូមបញ្ជាក់ថា កិច្ចប្រជុំក៏បានបង្កើតនូវកិច្ចព្រមព្រៀងមួយ ដើម្បីរៀបចំកិច្ចពិភាក្សាយោធា ស្តីពីការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន។ កូរ៉េខាងជើងបានប្រាប់កូរ៉េខាងត្បូងថា ខ្លួនទើបតែបានបើកដំណើរឡើងវិញនូវបណ្តាញទំនាក់ទំនងយោធានៅភាគខាងលិច៕