រដ្ឋាភិបាលចាត់វិធានការឲ្យទប់ស្កាត់ការឆ្លងផ្ដាសាយបក្សីនៅភ្នំពេញ

108
ការពិនិត្យរកសំណាករោគផ្ដាសាយបក្សី។ រូបពីWHO

រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ឲ្យ​ទ​ប់ស្កាត់​ការ​ឆ្លង​មេរោគ​ផ្ដាសាយ​បក្សី (H5N1)នៅ​រាជ​ធានី​ភ្នំពេញ ដោយ​សារ​​ថ្មីៗ​នេះ​​អ្នក​​​ជំនាញ​បាន​រកឃើញ​ករណី​​ជំងឺ​​នេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ។

នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី ១១ ខែមករា របស់​ក្រសួង​កសិកម្មរុក្ខ​ប្រមាញ់ និងនេសាទ​ផ្ញើរ​ទៅកាន់​ប្រធាន​​គណកម្ម​ការ​​​ចំរុះ​​រាជ​ធានី​ភ្នំពេញ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​ផ្ដាសាយ​បក្សី។

ក្នុង​លិខិត​នោះ​ក្រសួង​កសិកម្ម​បាន​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ទប់ស្កាត់​បណ្ដោះអាសន្ន​នូវ​ចលនា​បក្សី និងផលិត​ផល​មាន​​ដើម​​កំ​ណើត​ពីបក្សី​ ដែល​ចេញ​ពីភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងលិខិត​ដដែល​នោះ​ក៏លើក​ឡើង​ដែរ​ថា​ការស្នើរ​សុំ​ចាត់​វិធាន​ការ​បែបនេះ ដោយសារកាល​ពីថ្ងៃ​ទី ៩ ខែ មករា វិទ្យា​ស្ថា​នស្រាវ​ជ្រាវ​សុខភាព​សត្វ និងផលិត​កម្ម​សត្វ នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និង ផលិត​កម្មសត្វ​បាន​វិភាគរក​ឃើញ​មេរោគ​ផ្ដាសាយ​បក្សី​លើ​សំណាក​សត្វ​មាន់ ៣ក្បាល នៅភូមិ​ភ្នំពេញថ្មី។

ក្នុង​លិខិត​ដដែល​នោះក្រសួង​ក៏​ស្នើឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​សហការ ពង្រឹង​ការទប់ស្កាត់​ចលនា​បក្សី និងផលិត​ផល​​មាន​ដើម​កំណើត​ពី​បក្សី​ជាបណ្ដោះអាសន្ន​ក្នុង​ចេញ​ពីតំបន់​ផ្ទុះ​ជំងឺនេះ ឲ្យបានក្នុងរង្វងកាំ ៣ គីឡូម៉ែត្រ ដើម្បី​អនុវត្ត​វិធាន​បច្ចេក​ទេស​បសុពេទ្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​៕