គណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីជាង ៣០០នាក់ បន្ថែមទៀត

0
73

(ខេត្តកំពង់ធំ): គណបក្សប្រជាជនកម្ពុជាស្រុកសណ្តាន់ ប្រកាសបញ្ចូលសមាជិកគណបក្សថ្មី ចំនួន ៣៣៣នាក់ បន្ថែមទៀត នៅទីតាំងពីរផ្សេងគ្នា ទីតាំងទី១ នៅឃុំសណ្ដាន់ ចំនួន ២០០នាក់ និងទីតាំងទី២ នៅឃុំងន ចំនួន ១៣៣នាក់ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម នង វាសនា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសណ្តាន់ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ។

ថ្លែងនៅក្នុងពិធីប្រកាសនោះដែរឯកឧត្តម សុខ លូ បានកោតសរសើរដល់គណបក្សឃុំ គណបក្សស្រុក ព្រមទាំងក្រុមការងារទាំងអស់ ដែលបានខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមទ្ធិផលថ្មីៗ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ ព្រមទាំងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនដែលជាសមាជិកគណបក្សប្រជាជនថ្មី បានសំរេចចិត្តយ៉ាងត្រឹមត្រូវមកចូលជាសមាជិករបស់គណបក្ស។ ហើយក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវក្លាហាន ស្វាហាប់ គោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេស យុវជន និងសមាជិកគណបក្សប្រជាជនម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ជូនគណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍនេះ អោយបានយូរអង្វែងតទៅទៀត សម្រាប់អនាគត់កូនចៅយើង។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានលើកឡើងអំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រទេសជាតិ ឲ្យរួចផុតរបបប្រល័យពូជសាសន៍ ដោយបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ជាពិសេសអាចរក្សាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញទូទាំងប្រទេស ប្រជាពលរដ្ឋមានជីវភាពប្រសើរជាងមុន និងរស់នៅបានភាពសុខដុមរមនា។

ចុងបញ្ចប់ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេសត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ត្រូវពាក់ម៉ាសនៅពេលចាំបាច់ ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត សូមពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។

LEAVE A REPLY

Please enter your comment!
Please enter your name here