អបអរសាទរ ពិធីថ្លែងអំណរគុណ និងសមិទ្ធផលសម្រេចបាន នៃតំបន់កម្មវិធីស្រុករវៀង របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា

0
72

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ អង្គការទស្សនៈពិភពលោកបានរៀបចំពិធីថ្លែងអំណរគុណ និងសមិទ្ធផលសម្រេចបាន នៃតំបន់កម្មវិធីស្រុករវៀង របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក។

នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេបញ្ជាការកងកម្លាំងទាំងបី មេឃុំ មេភូមិគោលដៅគម្រោង មន្រ្តីចំណុះរដ្ឋបាលស្រុក បុគ្គលិកអង្គការទស្សនៈពិភពលោក និងអ្នកពាក់ព័ន្ធសរុប២៥៤នាក់។

លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង បានឱ្យដឹងថា ក្នុងនាមគណៈអភិបាលស្រុក និងជំនួសមុខឱ្យក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុករវៀងទាំងមូល បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនារំភើបកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងអង្គពិធីនៅថ្ងៃនេះ។

លោក ហោ ប៊ុនហួរ បានបន្តថា គម្រោងរបស់អង្គការទស្សនៈពិភពលោក នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ មានឃុំគោលដៅចំនួន ០៥ឃុំ និង២៣ភូមិ ប្រជាជនគោលដៅចំនួន២៣.៩៨០នាក់ ស្រ្តីចំនួន១២.១៧៦នាក់ និងមានគ្រួសារចំនួន៥.៥៧៤គ្រួសារ ក្នុងនោះមានបុរសចំនួន៦.០៨៨នាក់, ស្រ្តីចំនួន៣.២៨០នាក់, ក្មេងប្រុសចំនួន៣.៦៨៧នាក់, ក្មេងស្រីចំនួន៣.៦៩៧នាក់, កុមាងាយរងគ្រោះចំនួន១.១២៥នាក់ និងកុមារទំនុកបម្រុងចំនួន៤.២៣៥នាក់។

លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការទស្សនៈពិភពលោក ចំពោះលទ្ធផលនៃការអនុវត្តការងារកន្លងមកនេះ សម្រេចទៅតាមផែនការដែលបានគ្រោងទុក និងជាទីមោទនៈភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងជាមួយដៃគូរពាក់ព័ន្ធកន្លងមក។

លោក ឡេង វីរៈ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក បានឱ្យដឹងថា ការិយាល័យតំបន់កម្មវិធីស្រុករវៀង របស់អង្គការទស្សនៈពិភពលោក បានចាប់ផ្តើមអនុវត្តន៍កម្មវិធីនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលមានប្រភពម្ចាស់ជំនួយសំខាន់ ពីអង្គការទស្សនៈពិភពលោក ប្រចាំប្រទេសអាឡឺម៉ង់ ដែលចំណាយថវិកាប្រមាណ ៥.០៦០.០០០ដុល្លាអាមេរិក (ប្រាំលានប្រាំមួយម៊ឺនដុល្លាអាមេរិកគត់)។

លោក ឡេង វីរៈ ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងអ្នកពាក់ព័ន្ធនានា រយៈពេល១៦ឆ្នាំកន្លងមកនេះ អង្គការទស្សនៈពិភពលោក បានសម្រេចបង្កើតអនាគតដ៏ត្រចះត្រចង់របស់កុមារតាមរយៈធ្វើរកាចំនួន០៤គឺ៖
១. អាហារូបត្ថម្ភ (ជួយគាំទ្រផែនការដែលជួយឱ្យកុមារមានសុខភាព និងការលូតលាស់ល្អ)។
២. ការអប់រំ (ធ្វើរកាជាដៃគូរក្នុងយុទ្ធសាស្រ្ត ដែលធ្វើឱ្យការអប់រំរបស់កុមារប្រសើរឡើង)។
៣. ការការពារកុមារ (ធានាថាកុមារត្រូវបានបង្កា និងការពាររាល់ទម្រង់នៃការរំលោភបំពាន)។
៤. យុវជន (ជួយយុវជនឱ្យមានការច្នៃប្រឌិត ក្លាយជាពលរដ្ឋដ៏សកម្ម និងជាអ្នកដឹកនាំជំនាន់ក្រោយ)។

ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គការទស្សនៈពិភពលោក ដែលបានខិតខំចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈគម្រោងអនុវត្តគោលដៅរបស់អង្គការ និងសូមឱ្យជួយជាបន្តទៀត។

ឯកឧត្តម បន្តថា នៅទូទាំងខេត្តព្រះវិហារ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ តាមរយៈការអនុវត្ត នូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ ក៏បានក្រើនរលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបង្កា និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺផ្សេងៗ ជាពិសេសជម្ងឺកូវីដ-១៩ (Covid-19) ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឲ្យបាននូវសុខុមាលភាពសាធារណៈ និងបញ្ជៀសបាននូវហានិភ័យនៃការចម្លងមេរោគកូវីដ-១៩ ( Covid-19) នៅតាមសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here