អាជ្ញាធរខេត្តកំពង់ធំ យកលេសរៀបចំសណ្តាប់ធ្នាប់ផ្សារ តែផ្ទុយទៅវិញរៀបចំវាស់ដីរដ្ឋចែកគ្នាលក់

0
17

កំពង់ធំ៖ ប្រតិតកម្មអាជីវករអត់តូបលក់ដូរពិតប្រាកដបានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលដែលពេលដែលរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលក្រុងស្ទឹងសែន មានការរៀបចំបង្កើតជាផ្សារថ្មីនៅលើសួនលម្អរផ្សារ កំពង់ធំ (សួនយាយតា) ប្រែក្លាយជាតូបលក់ដូរសម្រាប់អាជីវករអត់មានតូបពិតប្រាកដ! ប៉ុន្តែនេះគ្រាន់តែជាទង្វើរបិទបាំងការពិត ព្រោះតូបទាំងអស់នេះបានទទួលតែបក្សពួក និងអ្នកមានលុយមានអំណាច ដែលមានខ្សែស្រឡាយទំនាក់ទំនងជិតដិតជាមួយមន្រ្តីរដ្ឋបាលក្រុងស្ទឹងសែន និងរដ្ឋបាលខេត្តកំពង់ធំតែប៉ុណ្ណោះ។
ប្រភពអាជីវករបន្តថា ក្នុងដំណើរការលក់តូបដំបូងប្រមាណ៤៨តូប ដែលរៀបជញ្ជាំងថ្ម មានទំហំ (២,១ម៉ែត្រx៥ម៉ែត្រ) ក្នុងតម្លៃ១.៥០០០ដុល្លា ហើយសម្រេចឲ្យអាជីវករអត់តូបពិតប្រាកដចូលទិញ និងបង់ប្រាក់ជាមុន ដែលមានរដ្ឋបាលក្រុងស្ទឹងសែន ជាទទួលសាច់ប្រាក់សុទ្ធ ក្រោមការសម្របសម្រួលពីរដ្ឋបាលខេត្តកំពង់ធំ (ប៉ុន្តែការបង់ប្រាក់មិនបានផ្តល់ជាឯកសារបង់ប្រាក់ជូនអាជីករអ្វីនោះទេ) ហើយសន្យាថាឲ្យលក់រយៈពេល២៥ឆ្នាំ។ ស្របពេលនៃការទិញលក់នេះ អ្នកដែលទទួលបានមិនមែនចំណាយលុយត្រឹមតែ១.៥០០០ដុល្លានោះទេ មានអ្នកខ្លះចំណាយដល់ទៅ២០.០០០ដុល្លា ទៅ២៥.០០០ដុលា ក្នុងមួយប្លង់ ដើម្បីទទួលបានតូបក្នុងមួយប្លង់។ ហើយអ្នកដែលទទួលបានបែសាច់ញាត្តិ ប្រពន្ធកូន ខ្សែស្រឡាយ រួមជាអ្នកមានលុយ មានអំណាច របស់ក្រុងស្ទឹងសែន មន្រ្តីស្ថិតក្នុងជួរបម្រើការងាររបស់រដ្ឋបាលខេត្ត បក្សពួករបស់អធិការដ្ឋាននគរបាលក្រុង និងមានបក្សពួករត់ការជាខ្សែបណ្តោយរបស់លោក កូយ គឹមសាយ ម្ចាស់ផាស៊ីផ្សារផងដែរ។ បច្ចុប្បន្នតូបទាំងអស់នេះកំពុងមានការទិញលក់ក្នុងតម្លៃចន្លោះពី៣០.០០០ដុល្លា ទៅ៣៨.០០០ដុល្លា ក្នុងមួយតូប និងធ្វើការរៀបចំផ្ទេរកម្មសិទ្ធិពីបុគ្គលមួយទៅបុគ្គលមួយទៀតក្នុងតម្លៃសេវាក្រៅចំនួន១.០០០ ក្នុងមួយម្ចាស់ ដោយសន្យាថាលែងមានកុងត្រាឲ្យលក់ក្នុងរយៈពេល២៥ឆ្នាំទៀតហើយ ប៉ុន្តែលក់ដូរតកូនតចៅជារៀងរហូត! ការសន្យា និងទង្វើរឃុបឃិតជាប្រព័ន្ធបែបនេះ បានឆ្លុះបញ្ជាំងជាក់ស្តែង និងភ្នែកតាមរយៈបើកឲ្យដៃឲ្យអាជីវករ ដែលជាម្ចាស់តូបទាំងអស់ធ្វើការវាយ កែប្រែប្លង់តូបរបស់ខ្លួនដែលទិញបាននេះដោយសេរី មិនខ្វល់អំពីការរៀបចំ សណ្តាប់ធ្នាប់ ការលក់ដូរទៅតាមប្លង់ដែលបានគ្រោងទុកនោះឡើយ។ ការកែប្រែតូបទាំងអស់នេះ កំពុងបង្ហាញសាច់ដុំ នៃបក្សពួកក្រុមពុករលួយលួចដីរដ្ឋលក់ ព្រោះអ្នកខ្លះទិញបានតូបរហូតពីរតូបទៅបីតូប កំពុងកែប្លង់តូបបញ្ចូលគ្នា និងរៀបចំបង្វែរទិសប្លង់តូបលក់ដូរ និងដាក់ផ្លាកជួលតូប ក្នុងតម្លៃមួយប្លង់ចំនួន១៥០ដុល្លា ក្នុងមួយខែ។ ជាតួរយ៉ាងតូបលេខ២០ និងតូបលេខ២៣ និង២៤ កំពុងបើកមុខបង្ហាញសាច់ដុំធំៗ ពើងទ្រូង ខណៈដែលកំពុងមានការអន្តរាគមន៍ពីបងប្អូនសាច់ញាត្តិមានអំណាច កែងទាំងងងុបងងុល មិនគិតពីសណ្តាប់ធ្នាប់ និងផលប្រយោជន៍សាធារណៈ បើទោះបីជាមានការផ្តិតមេដាយពាក្យបណ្តឹងជំទាស់ពីអាជីវករផ្សេងទៀតក៏ដោយ។ គួរបញ្ជាក់ថា កាលពីរៀបចំប្លង់តូបដំបូង ម្ចាស់របស់តូបលេខ២៤ ឈ្មោះ ម៉ឹក សុភាព មិនស្ថិតនៅក្នុងប្លង់នោះទេ! គឺជារបស់ឈ្មោះលោក គឹមជាង ប៉ុន្តែមានការសម្របសម្រួលពីមន្រ្តីលក់ដីរដ្ឋទាំងអស់នេះ បែជាប្តូរឈ្មោះ ឲ្យលោកស្រី ម៉ឹក សុភាព ដើម្បីទទួលបានតូចំនួនពីរជាប់គ្នា គឺលេខ ២៣ និង២៤ និងវាយទម្លោះបែរមុខមកទិសខាងកើតផង និងទៅទិសខាងត្បូងផង។
ក្រុមអាជីវករ នៅក្នុងផ្សារនៅតែបន្តជំទាស់នូវការកែប្រែតូបទាំងអស់នេះ និងស្នើរឲ្យរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលក្រុងស្ទឹងសែន ដែលធ្លាប់បានធ្វើការសន្យាជាមួយអាជីវករថា មិនឲ្យមានការបើកជញ្ជាំងតូបលេខ២០ ទៅទិសខាងលិច និងតូបលេខ២៤ ទិសខាងកើត ឲ្យរៀបជញ្ជាំងបិទឡើងវិញ ព្រោះការបើកជញ្ជាំងនេះ ខុសទៅប្លង់ដើមទាំងស្រុង និងបង្ករឲ្យមានការតាំងលក់អាណាធិបតេយ្យ ប៉ះពាល់ដល់ផ្លូវធ្វើដំណើរសាធារណៈរបស់ប្រជាពលរមកទិញឥវ៉ាន់ និងការចរាចរណ៍ផ្លូវឯកទិសនៅជុំវិញផ្សារៀផងដែរ។ ពាក់ព័ន្ធទៅនឹងករណីទិញលក់ដីរដ្ឋ យកលេសរៀបចំសណ្តាប់ធា្នប់ផ្សារកំពង់ធំនេះដែរ អ្នកសារព័ត៌យើងមិនទាន់អាចសុំការស្រាយបំភ្លឺពី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅឡើយទេ! ហើយអ្នកសារព័ត៌យើងខ្ញុំ ក៏សូមឲ្យ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បង្ហាញឯកសារពាក់ព័ន្ធ និងឈ្មោះបក្សពួក ព្រមទាំងអាជីករ ដែលជាម្ចាស់តូបឲ្យទាំងអស់នេះ ថា “តើរឿងទិញលក់ដីរដ្ឋទាំងអស់វាជា ការពិតដែរឬយ៉ាង?”

LEAVE A REPLY

Please enter your comment!
Please enter your name here