កម្ពុជា-វៀតណាមបានរួមគ្នាបើកការដ្ឋានសាងសងផ្សារគំរូព្រំដែនមួយជាលើកដំបូងឈ្មោះថា «ផ្សារដា» ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។
តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថានៅព្រឹកថ្ងៃទី១៦ ខែមករានេះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជាលោក វ៉ូ ហ្គុងមិញ (Vu Quang Minh)បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវផ្សារគំរូព្រំដែនមួយឈ្មោះថា «ផ្សារដា» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជាប់ព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។
ការចុះផ្សាយដដែលនោះឲ្យដឹងថាលោក ប៉ាន សូរស័ក្តិបានថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ថា លោកជំនឿថា ផ្សារគំរូព្រំដែននេះនឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។
លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា៖ «ការបង្កើតផ្សារគំរូនេះ គឺជាការចាប់ផ្តើមទំព័រសករាជថ្មីមួយទៀត នៃការពង្រឹងកិច្ចសហការ និងសម្រួលពាណិជ្ជកម្មនៅតាមព្រំដែននៃប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល និងជិតប្រជាពលរដ្ឋ ជាពិសេសឈានទៅសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មចំនួន ៥,០០០លានដុល្លារ តាមផែនការមេដែលបានគ្រោងទុកក្នុងពេលអនាគត»។
លោក បន្ថែមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម។
ជាមួយគ្នានោះលោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ការចុះផ្សាយដដែលនោះបន្តថាគម្រោងសាងសង់ផ្សារនេះ ត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្តឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដីទំហំ ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ថារីត្បូងឃ្មុំ ជាមួយទុនវិនិយោគសរុបចំនួន ៤៤,៧៦១,៤១១,០០០វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម៕