កូនត្រីនិងត្រីពូជ ចំនួន ២៥,៥៥៥ កូនត្រូវបានព្រលែងក្នុងស្រះសហគមន៍ជម្រកត្រី ពន្លឺជីវភាព ស្រុកតាំងគោក

0
103

(កំពង់ធំ):ព្រឹកថ្ងៃ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ នៅសហគមន៍ស្រះជម្រកត្រីពន្លឺជីវភាពបានរៀបចំពិធីលែងកូនត្រីពូជចំនួន ២៥,៥៥៥ កូនត្រីក្រោមអធិបតីភាពលោក ហាក់ ម៉ុងហួតអភិបាលនៃគណៈអភិបាលស្រុកតាំងគោក នៅឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រធានការិយាល័យចំនុះរដ្ឋបាលស្រុក កងកំលាំងទាំងបី និងប្រជាពលរដ្ឋប្រមាណជា ៥០នាក់។

នៅក្នុងឱកាសនោះផងដែរលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានថ្លែងអំណរគុណដល់លោក ឆេង សារ៉ន ហៅ ម៉ៅ និងលោកស្រី សេង ហ៊ន្នីថា ដែលបានឧបត្ថម្ភកូនត្រីចំនួន ២៥,៥៥៥ក្បាល ដើម្បីប្រលែងនៅក្នុងសហគមន៍ស្រះពន្លឺជីវភាពដើម្បីឆ្លើយតបតាមការសំណូមពររបស់សហគមន៍នៅទីនោះផងដែរ។លោកក៏សម្ដែងនូវការសប្បាយរីករាយដោយឃើញបងប្អូនប្រជាសហគមន៍នៅទីនោះបានចូលរួមអភិរក្សនិងថែរក្សា ស្រះជម្រកត្រី ពន្លឺជីវភាព មិននេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។លោកបន្តទៀតថាការប្រារព្ធពិធីលែងកូនត្រីពូជនេះត្រូវបានរៀបចំឡើងចំពេលរដូវបិទនេសាទទូទំាងប្រទេស លើកលែងតែការធ្វើនេសាទជាលក្ខណៈគ្រួសារ ដើម្បីបង្កលក្ខណៈឲ្យហ្វូងមច្ឆាជាតិទំាងឡាយ មានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឲ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ឲ្យមានការប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បានរៀបចំកម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទំាងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅឲ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

លោកលោកអភិបាលស្រុកក៏បានក្រើនរំលឹកទៅដល់ ខណ្ឌជលផលស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិ ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទឲ្យមានប្រសិទ្ធិ ដោយធ្វើការសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរជាប់ពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍ ពង្រឹងសម្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឲ្យបានរឹងមាំ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឲ្យបានច្បាស់លាស់ ត្រូវចាត់វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យ ធ្វើការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត ។

ជាចុងក្រោយជាចុងក្រោយលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ទោះបីជានៅក្នុងសហគមន៍យើងមិនមានអ្នកឆ្លងយ៉ាងណាក៏ដោយ ក៏ពុកម៉ែបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។
សូមបញ្ជាក់ផងដែរថាពូជកូនត្រីដែលបានប្រលែងនៅសហគមន៍ស្រះពន្លឺជីវភាពមានដូចជា
១.ឆ្ពិន ១០,០០០ក្បាល ២.ត្រីត្រសក់ ៥០០០ ក្បាល
៣.ត្រីប្រា ១០០០ ក្បាល ត្រីពោរ ១០០០ក្បាល
និងត្រីស្លាត ត្រីក្រាយ ត្រីអណ្តែងទន់ ត្រីគល់រាំង ត្រីស្កោក ត្រីការធ ចំនួន ៥,៥៥៥ ក្បាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here