គ្រឹះស្ថានសិក្សាក្នុងខេត្តកំពង់ធំ កំពុងរៀបចំសម្អាតបន្ទប់រៀន និងរៀបចំបរិក្ខាអនាម័យ ត្រៀមចូលរៀននៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ

0
69

កំពង់ធំ៖ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ ចុះមើលដំណើរការនៃការរៀបចំថ្នាក់រៀន និងត្រៀមសម្ភារបរិក្ខាអនាម័យ នៅតាមលាសារៀន ដែលគ្រោង នឹងបើកឲ្យដំណើរការចូលរៀនឡើងវិញ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ កំពុងចុះពិនិត្យមើល ដំណើរការនៃការៀបចំថ្នាក់រៀននៅគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ដែលត្រូវបើកឲ្យដំណើរចូលរៀនតាមសរាចរណ៍ណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ ជាមួយគ្នានេះដែរលោកលើកឡើងថា កន្លងមកមន្ទីរអប់រំ បានធ្វើការណែនាំដល់ការិយាល័យអប់រំ យុវជន និងកីឡា តាមក្រុងស្រុករួមមកហើយ។ ក្នុងនោះភាពចាំចាប់នៅចំពោះមុខ ត្រូវរក្សាសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូ និងអ្នកគ្រូ ដែលត្រូវឲ្យសាលារៀនទាំងអស់រៀបចំថ្នាក់រៀនឲ្យបានស្អាត រៀបចំផែនការនៃការបង្រៀន ដំណើរការនៃបង្រៀន ដោយធ្វើការបែងចែកជាវេន្ត មិនឲ្យមានសិស្សចេញលេងម្តងៗមានចំនួនលើសពីពីររយនាក់នោះឡើយ។ លើសពីនេះទៅទៀតសាលារៀននីមួយៗត្រូវរៀបចំគណៈកម្មការ និងបន្ទប់សុខភាព សម្ភារអនាម័យ មានទឹកអាល់កុល ជែលលាងដៃ ជាពិសេសរៀបចំឲ្យមានកន្លែងលាងដៃ និងណែនាំឲ្យសិស្សគ្រប់គ្នាពាក់ម៉ាស់ ក្នុងម៉ោងសិក្សា។
សិស្សានុសិស្ស ដែលកំពុងរៀបចំថ្នាក់រៀនរបស់ខ្លួន សម្តែងអារម្មណ៍សប្បាយរីករាយ ព្រោះការចូលរៀនវិញ នឹងធ្វើឲ្យអាចទទួលបានចំណេះដឹងដោយផ្ទាល់ពីលោកគ្រូ អ្នកគ្រូ នឹងទទួលបាននូវចំណេះដឹងបានប្រសើរជាងមុន។
ក្រុមសិស្សានុសិស្សបន្តថា ក្នុងពេលកន្លងពួកគាត់តែងតែមកសាលារៀន ដោយធ្វើការរៀនជាក្រុមតូចៗ នៅក្នុងទីធ្លាសាលា ព្រោះការរៀនបែបនេះ អាចផ្តល់ឱកាសឲ្យពួកគាត់បានជជែកគ្នា នូវចំណុចមិនយល់ ជាពិសេសកិច្ចការដែលលោកគ្រូ អ្នកគ្រូដាក់ធ្វើជាប្រចាំ។
គួរបញ្ជាក់ថា៖ នៅក្នុងខេត្តកំពង់ធំ សាលារៀនដែលត្រៀម និងបើកឲ្យចូលរៀនឡើងវិញទាំងមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងសិស្សស្វ័យរិន សរុប ចំនួន១៥៦.៥៤៨នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here