កិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ និងផែនការណែនាំស្តីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យកឋិនទាន និងពិធីបុណ្យផ្សេងៗ

0
32

(កំពង់ធំ)÷ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងផែនការណែនាំស្តីពី ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងពិធីបុណ្យផ្សេងៗ ដោយមានការអញ្ជើញចូលរួមពី ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំនៃកងកម្លាំងទាំងបី អភិបាលក្រុង/ស្រុកទាំង៩ នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវថ្ងៃទី ០៧ខែកញ្ញា ឆ្នាំ ២០២០ នៅសាលាខេត្តកំពង់ធំ ។
ក្នុងឱកាសនេះឯកឧត្តម ញឹក បានខេងអភិបាលរងខេត្តកំពង់ធំ បានលើកឡើងពីសារាចរណែនាំសម្រាប់អនុវត្តជាអចិន្ត្រៃយ៍លេខ 0៩ ស រ ណ ន ចុះថ្ងៃទី ១៩ខែមិថុនាឆ្នាំ ២០០៣ របស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាសបុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ។
ឯកឧត្តមឯកឧត្តម ញឹក ក៏បានលើកឡើងពី បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ។ បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនិងប្រព្រឹត្តទៅពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវថ្ងៃទី០៣ ដល់ថ្ងៃទី ១៧ខែកញ្ញាឆ្នាំ ២០២០។ សម្រាប់បុណ្យកឋិនទានមានរយៈពេលកំណត់ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានដែលផល្លានិសង្ឃខ្ពស់ទាំងឡាយ តែងមានសទ្ធាជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ បុណ្យកឋិនទាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជដល់ថ្ងៃ ១៥កើតខែកត្តិក ត្រូវនឹងថ្ងៃទី០៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៏សង្កត់ធ្ងន់ដល់អភិបាលក្រុង/ស្រុកទាំងអស់ត្រូវចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការរីករាលដាលនៃជំងឺកូវិដ-១៩ ដល់បងប្អូនជាពលរដ្ឋនៅតាមមូលដ្ឋាននៅ ក្នុងរដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌដែលគាត់អញ្ជើញមកពីទីជិតទីឆ្ងាយអោយបានប្រសើឡើងថែមទៀត។ ពិសេសទៀត អភិបាលក្រុង/ស្រុកទាំងអស់ត្រូវចុះពិនិត្យតាមដាន វត្តណា នៅតំបន់ដាច់ស្រយាល ដែលខ្វះចង្ហាន់ និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះវត្តនោះ ដើម្បីឲ្យមានចង្ហាន់មានគ្រប់គ្រាន់សម្រាប់ព្រះសង្ឃ។ ឯកឧត្តម ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់ត្រូវជួយរក្សានូវព្រៃឈើ ទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ពិសេសល្បែងស៊ីសងដែលកើតឡើងតាមមូលដ្ឋាន។ សូមឱ្យអភិបាលក្រុង/ស្រុកទាំងអស់យកចិត្តទុកដាក់បំផុតក្នុងការចូលរួមប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំសម្រាប់ខែបន្ទាប់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here