សមាជិកព្រឹទ្ធសភាអំពាវនាវរកសប្បុរសសូមជួយជាថវិកាដើម្បីសាងសង់ស្ពានបេតុងឆ្លងកាត់ស្ទឹងសែននៅឃុំកំពង់ស្វាយឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ

0
40

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទវត្តកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អំពាវនាវរកសប្បុរសសូមជួយជាថវិកាដើម្បីសាងសង់ស្ពានបេតុងឆ្លងកាត់ស្ទឹងសែននៅឃុំកំពង់ស្វាយឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ ។
លោកជំទាវបានអំពាវយ៉ាងដូច្នេះក្នុងពិធីវេនកាន់បិណ្ឌវេនទី៦រសៀលថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២០នៅវត្តកំពង់ស្វាយ។
លោកជំទាវបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការរីកចម្រើន ធ្វើឱ្យប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទាន កើតចេញពីទឹកចិត្តជ្រះថ្លារបស់បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងបងប្អូនតាមបណ្តាខេត្តមួយចំនួនដើម្បីយកមកកសាង។
ជាមួយគ្នានេះ លោកជំទាវ ឃួន ឃុនឌី ក៏បានថ្លែងអំណរគុណ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ន និងលោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តាខេត្តក្រុងទាំងអស់ ដើម្បីនាំយកបច្ច័យមកកសាងនូវសមិទ្ធផលនានានេះពិសេសបានជួយសាងសង់ស្ពានថ្មឆ្លងកាត់ស្ទឹងសែន។
លោកជំទាវបានបន្តថា «យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកត្តាសុខសន្តិភាព ដូច្នេះបងប្អូនទាំងអស់ត្រូវនាំគ្នារក្សាសន្តិភាព ឱ្យបានយូរអង្វែង ជាមួយនឹងរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ»។
លោកជំទាវក៏បានបន្តទៀតថានេះគឺជាការរួមចំណែកមួយដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋហើយនេះ ក៏ជាការបង្ហាញឱ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង និងជាចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ឱ្យមានការអភិវឌ្ឍន៍ផងដែរ។

លោក អឹម ជុង ប្រធានគណៈកម្មការវត្ត បានលើកឡើងថា ការសាងសង់ស្ពាននេះ គឺជាការចូលរួមជាមួយនឹងពុទ្ធបរិស័ទ តាមកម្លាំងសទ្ធាដោយបានកសាងតាំងពីឆ្នាំ២០១៧ ហើយការសាងសង់ស្ពានថ្មមានប្រវែង១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ដោយគម្រោងចំណាយថវិកាអស់ជាង៥០ម៉ឺនដុល្លារ។
លោកបានបន្តទៀតថា ការសាងសង់ស្ពាននេះឡើង គឺបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សបានទៅសិក្សារៀនសូត្រ និងប្រជាពលរដ្ឋបានដឹកកសិផលពីត្រើយម្ខាង ទៅត្រើយម្ខាង រឺពីស្រុកមួយទៅស្រុកមួយផងដែរ។ ចុងក្រោយលោកសូមអំពាវនាវសប្បុរជនសូមមេត្តាចូលរួមចាប់មគ្គផលតាមសទ្ធា ដើម្បីកសាងស្ពាននេះឱ្យបានរួចរាល់ជាស្ថាពរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here