សម្ដេច ក្រឡា ហោម ស ខេង និង លោកជំទាវ ញែម សាខន ស ខេង អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ

0
16

ភ្នំពេញ);;នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បុត្រាបុត្រី ចៅប្រុសចៅស្រី ក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ បានបន្តអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ មន្ត្រីរាជការ នគរបាល យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។

ក្នុងទិវាប្រកបដោយមហាកុសលនៃពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តបុទមវតីរាជវរារាមនេះដែរ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញធ្វើពិធីសែនព្រេនម្ហូបអាហារ មានបាយទឹកនំចំណី បារីម្លូស្លា អមដោយទៀនធូបផ្កាភ្ញីដ៏ប្រពៃ ដើម្បីឧទ្ទិសជូនចំពោះមាតា និងបិតាបង្កើតរបស់សម្ដេច នៅក្នុងចេតិដ៏ត្រជាក់ត្រជុំឧត្តុងឧត្តមដែលស្ថិតនៅក្នុងបរិវេណវត្តបុទមវត្តីរាជវរារាម ទៅតាមប្រពៃណីទំនៀមទំលាប់ដូនតា នាដូវកាលបិណ្ឌភ្ជុំដ៏ជ្រះថ្លា និងរីករាយនេះ។

នៅក្នុងឱកាសប្រកបដោយសេចក្ដីជ្រះថ្លានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ញ៉ែម សាខន ស ខេង បានបន្តអញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈថ្វាយព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តាអភិបាលរក្សាទីអារាមវត្តបុទមវតីរាជវរារាម និងបន្តប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល ដោយមានព្រះសង្ឃនិមន្តស្វាធ្យាយព្រះសត្តប្បករណាភិធម្មបង្សុកូល រាប់បាត្រ វេភត្តាហារ ពហូដារឆ្លង និងផ្សាយផល្លាអានិសង្ឃជូនលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជនជាតិ មន្ត្រីរាជការស៊ីវិល នគរបាល យុទ្ធជន យុទ្ធនារី ជាអ្នកមានគុណូប្បការៈចំពោះជាតិ និងប្រជាជនកម្ពុជា ដែលបានពលី និងទទួលមរណភាពទៅកាន់លោកខាងមុខ។

សូមបញ្ជាក់ថា ភ្ជាប់នឹងចង្ហាន់បិណ្ឌបាត្រ ថ្វាយ និងប្រគេនសម្ដេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃក្នុងពិធីឆ្លងកាន់បិណ្ឌវេនទី៦នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់នៃក្រសួងមហាផ្ទៃ ក៏បានថ្វាយ និងប្រគេននូវទេយ្យទាន គ្រឿងបរិក្ខា ព្រមទាំងបច្ច័យ ថ្វាយ ប្រគេន សម្ដេច ព្រះរាជគណៈ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃ និងមួយអន្លើ ទៀត ក៏បានប្រគេនបច្ច័យ និងគ្រឿងបរិក្ខាសម្រាប់ការកសាងទីសេនាសេនៈ និងទ្រទ្រង់ទីអារាមវត្តបុទមវតីរាជវរារាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here