ខេត្ត​បន្ទាយមានជ័យ​ ត្រូវ​បាន​ទទួល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ម្ចាស់​ជំនួយ​ លេី​ការងារ​បោស​សម្អាតមីន

0
36

ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តមទេរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដឹកនាំតំណាងប្រទេសម្ចាស់ជំនួយនៃគម្រោងបោសម្អាតមីនដើម្បីលទ្ធផល​ដំណាក់កាល​ទី​៤  (CFR4) រួមមាន អូស្ត្រាលី កូរ៉េខាងត្បូង អង្គការ UNDP និងមានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ព្រំ សុភមង្គល​ អគ្គលេខាធិការអាជ្ញាធរមីន និងឯកឧត្តម ហេង រតនា អគ្គនាយក CMAC ដើម្បីពិនិត្យកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់ CMAC នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយជ័យ ក្នុងគោលបំណងបង្ហាញពីសកម្មភាពបោសសម្អាតមីន រួមចំណែកក្នុងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍ និងជួបសំណេះសំណាលជាមួយអ្នកទទួលផលពីដីបោសសម្អាតមីនរួច។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោដែលជាប្រធានអាជ្ញាធរមីន សូមថ្លែងនូវអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តទាំងអស់ ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ​ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យសកម្មភាពមីន។
គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤  មានការគាំទ្រថវិកាពី ប្រទេសអូស្រ្តាលី  ប្រទេសណូវែលសេឡង់  សាធារណរដ្ឋកូរ៉េ និងអង្គការ UNDP  ដោយផ្តោតសំខាន់ទៅលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គាំទ្រកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន ការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន និងការពង្រឹងសមត្ថភាពថ្នាក់ជាតិ​ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីសម្រេចឲ្យបានតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥។
ចាប់ពីឆ្នាំ ២០០៦ រហូតដល់ខែកក្កដា​ ឆ្នាំ ២០២០ គម្រោងបានបោសសម្អាតដីមានមីនចំនួន ២៤៦.៥ គីឡូម៉ែត្រការ៉េ ដោយរក​ឃើញ​និងបានបំផ្លាញ​​ចោលមីនប្រឆាំងមនុស្សចំនួន ៦៩.៨១៥ គ្រាប់​ មីនប្រឆាំងរថក្រោះចំនួន ១.៤៩៦ គ្រាប់ និងសំណល់ជាតិផ្ទុះពី​សង្រ្គាម​ចំនួន ២១២.៥៥៥គ្រាប់ ដែលបាន​​ផ្តល់ផលប្រយោជន៍ជាប្រយោលដល់ប្រជាជនក្នុងសហគមន៍ប្រមាណ ១.០២៨.៦៨៣ នាក់ ក្នុងនោះ ៥០ ភាគរយជាស្ត្រី។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តគូសបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានជនរងគ្រោះថ្នាក់ដោយគ្រាប់មីនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា​ ផ្ទៃដីមានមីនចំនួន ២២៣ គីឡូម៉ែត្រក្រឡា​ត្រូវបានបោសសម្អាត និង​យក​មក​ប្រេីប្រាស់​ និង​នៅសល់ដីប្រមាណ​ ១៤៧ គីឡូម៉ែត្រក្រឡា​ដែលនៅមានការគម្រាមដោយសារមីន។ គិតត្រឹម​ខែមិថុនា​ ឆ្នាំ២០២០ ខេត្ត​បន្ទាយមានជ័យ​ មានជន​រងគ្រោះ​ដោយសារ​មីន​និង​គ្រាប់​ចំនួន​ ៨.៨៨២នាក់ ស្មើ​នឹង​ ១៤% នៃគ្រោះថ្នាក់ទូទាំង​ប្រទេស​។
ដោយ​ឡែក​ ឃុំអូរបីជាន់ គឺជាឃុំមួយក្នុងចំណោម​ឃុំដែល​មានមីនច្រើនបំផុតក្នុងខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ និង​របួសចំនួន ១៣៨ នាក់ ស្រី ១០នាក់ ដោយ​សារ​មីន​ចំនួន​ ១២៨នាក់។ ឃុំ​អូរ​បី​ជាន់​ មានផ្ទៃដីដែលបានបោសសម្អាតមីនរួចចំនួន ១៧,៤ គីឡូម៉ែត្រក្រឡា ហើយនៅសល់ផ្ទៃដីសង្ស័យថាមានមីនចំនួន ១៦,៥ គីឡូម៉ែត្រក្រឡា។
ក្នយងនាមអាជ្ញាធរខេត្ត ឯកឧត្តម អ៊ុំ រាត្រី​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​​អូស្រ្តាលី សាធារណរដ្ឋ​កូរ៉េ​ នូវែលសេឡង់ និង​អង្គការ​ UNDP​ ដែល​បាន​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​គម្រោង​បោស​សម្អាត​មីន​ដេីម្បី​លទ្ធផល​ដំណាក់​កាល​ទី​៤​​ ក្នុង​ការងារ​​បោស​សម្អាត​មីន​មនុស្ស​ធម៌​នៅ​កម្ពុជា ដេីម្បី​ផ្តល់​ដី​មាន​សុវត្ថិភាព​​ និង​ជួយ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ឲ្យរួច​ផុត​ពី​ការ​គម្រាម​កំហែង​ដោយ​សារ​មីន៕ដោយ មច្ចុរាជ

LEAVE A REPLY

Please enter your comment!
Please enter your name here