សមត្ថកិច្ចចាប់ខ្លួន បុរសខ្មែរ៥នាក់នឹងបុរសជនជាតិចិនម្នាក់ បន្ទាប់ពីក្លែងបន្លំជាមន្ត្រីនគរបាល ដើរជំរិតទារប្រាក់ពីប្រជាពលរដ្ឋ

0
63

ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន៦នាក់ ក្នុងនោះបុរសខ្មែរ៥នាក់ និងបុរសជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពក្លែងបន្លំជាមន្ត្រីនគរបាល ដើរជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
ជនសង្ស័យដែលជាប់ខ្នោះរបស់សមត្ថកិច្ច រួមមាន៖ ទី១-ឈ្មោះហាក់ សុធាបញ្ញា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី២-ឈ្មោះអ៊ួន ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។ ទី៣-ឈ្មោះចិន ប៊ុនធឿន ហៅរាជ្យ អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ទី៤-ឈ្មោះចំរើន លាងម៉េង អាយុ២៧ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។ ទី៥-ឈ្មោះស៊ឹម សុខដា អាយុ៣០ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ និងទី៦-ឈ្មោះ ZHOU DONGYA អាយុ៣០ឆ្នាំ ជាជនជាតិចិន។
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែកញ្ញា មានជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយប្រាប់ថា នៅយប់ថ្ងៃទី០៦ ខែកញ្ញា មានជនសង្ស័យ១ក្រុម ជាជនជាតិខ្មែរ៥ ស្លៀកពាក់ស៊ីវិល ជិះរថយន្ត១គ្រឿង ប្រភេទ PICK UP ពណ៌ស និងម៉ូតូ២គ្រឿង អះអាងថា ជាមន្ដ្រីនគរបាលបានធ្វើសកម្មភាពកាក់រថយន្ត របស់ជនរងគ្រោះជាជនជាតិចិន១គ្រឿង ម៉ាក Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 2C-9291 ខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ទៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ជនរងគ្រោះបានឲ្យដឹងទៀតថា ពេលនោះ ក្រុមជនសង្ស័យបានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀន១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៤ ០០០ដុល្លារ។ បន្ទាប់មក ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរ ខ្ចីលុយពីមិត្តភក្តិបានចំនួន២៣០០ដុល្លារ យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឲ្យនៅពេលក្រោយ។
លោកស្នងការបន្តថា ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោកបានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួន បានជនសង្ស័យសរុប៦នាក់ (ជនជាតិចិនម្នាក់) នាំមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានកាក់ឃាត់រថយន្តឆែកឆេរក្នុងរថយន្ត និងជំរិតទារយកប្រាក់បាន ចំនួន២៣០០ដុល្លារពីជនរងគ្រោះប្រាកមែន។ ក្រោយពីមានចម្លើយសារភាពរបស់ក្រុមជនសង្ស័យ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here