ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តទេពនិមិត្ម(ហៅវត្តធម្មយុត្តិ)

0
39

(កំពង់ធំ)÷ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ និងនាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃ នៅវត្តទេពនិមិត្ម (ហៅធម្មយុត្តិ)ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃព្រហស្បតិ៍ ០៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺ ជាបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនា ដ៏សំខាន់របស់ព្រះពុទ្ធសាសនិកជនខ្មែរគ្រប់រូប។ ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នៃអ្នកមានគុណទាំងឡាយមានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងទៀតក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំ ឪពុកម្ដាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរការប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើតបាននូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ។ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌនិងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ដល់ថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២០។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅ តែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន ជាពិសេស ។

ឯកឧត្តមក៏បានអំពាវនាវឲ្យពុទ្ឋបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ។ សូមឱ្យឪពុកម្ដាយណែនាំដល់កូនចៅគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here