ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តឥសានគីរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ

0
98

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្រ្តីរាជការក្រោមឱវាទអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងសម្តែងព្រះបរិត្ត និងសម្តែងធម៌ទេសនា កាន់បិណ្ឌទី១០ ស្ថិតក្នុងវត្តឥសានគីរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាឱកាសដ៏ឧត្តុងឧត្តមនេះ ឯកឧត្តម ប្រាក់ សុវណ្ណ និងឯកឧត្តម ឡុង សុវណ្ណ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចំណុះឱ្យរដ្ឋបាលខេត្តព្រះវិហារ បានអញ្ជើញបូជាថ្វាយនូវគ្រឿងសក្ការៈផ្សេងៗចំពោះព្រះរតនត្រ័យ ដែលជារតនៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងលោក។

ជាកិច្ចបន្ទាប់ ឯកឧត្តម ក៏បានអញ្ជើញសមាទានសីល និមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា ដើម្បីឧទ្ធិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំង មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលជាយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានពលីមរណៈទៅកាន់បរមលោក។

ក្នុងនាមជាពុទ្ធសាសនិកដ៏ឆ្នើម និងគោរពជឿជាក់យ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា ជាពិសេសដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណីសាសនាខ្មែរឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែងតរៀងទៅ ក្នុងឱកាសនៃពិធីដ៏ធំនេះជារៀងរាល់ឆ្នាំ ឯកឧត្តម តែងតែដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានា យ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here