រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងចុះសាកសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលបុរីកុមារខេត្ត

0
94

(កំពង់ធំ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍សាលាខេត្តកំពង់ធំ ព្រមទាំងបន្ដចុះសាកសួរសុខទុក្ខអ្នកជំងឺនៅមន្ទីរពេទ្យខេត្ត និងមណ្ឌលបុរីកុមារខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសជួបសំណេះសំណាលនាពេលនេះ ឯកឧត្តម ឈុន ឈន់ បានថ្លែងអំណរគុណដល់មន្ត្រីរាជការ ព្រមទាំងមន្ត្រីកិច្ចសន្យាគ្រប់រូបដែលកន្លងមកខិតខំបម្រើការងារជូនអង្គភាពរដ្ឋបាលខេត្តនិងបានបានបំពេញភារកិច្ចតួនាទីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម បន្ដថាមន្ត្រីរាជការ ព្រមទាំងមន្ត្រីកិច្ចសន្យាគ្រប់រូប ត្រូវចេះអោយតម្លៃការងាររបស់ខ្លួន និងដឹងពីតួនាទីស្នូលរបស់យើងផង ដើម្បីសម្រេចការងារដែលចាំបាច់សំខាន់ៗដូចជា ទី១ គ្មានអ្វីក្រៅពីខិតខំរៀនសូត្រនូវតួនាទីភារកិច្ចរបស់ខ្លួននោះទេ។ ទី២ ត្រូវទទួលយកនូវបញ្ជីរទទួលយកនូវការណែនាំទាំងឡាយរបស់ថ្នាក់ដឹកនាំរបស់យើង ហើយកិច្ចការទាំងអស់នេះយើងចាំបាច់ត្រូវមានការទទួលខុសត្រូវខ្ពស់។ ទី៣ យើងទាំងអស់គ្នាត្រូវពង្រឹងជំហរដោះស្រាយបញ្ហាផ្សេងៗ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី ភារកិច្ច របស់ខ្លួនដែលបានកំណត់ ជាពិសេសគោរពនូវវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវខិតខំរៀនសូត្រ សិក្សាស្វែងយល់ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម នៃបច្ចេកវិទ្យាជឿនលឿន សំដៅយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព៊។ ជាពិសេសមន្ត្រី ដែលត្រូវបន្តវេណពីមន្ត្រីចាស់ៗដែលត្រូវចូលនិវត្តន៍ ត្រូវខិតខំរៀនសូត្រ ស្វែងយល់ពីបទពិសោធន៍ របៀបរបបការងារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឲ្យកើនឡើងទ្វេរដងទៅតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន។

ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈន់ និងឯកឧត្តម សុខ លូ ព្រមទាំងសហការី បានបន្តចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងនាំយកអំណោយមួយចំនួនជូនពួកគាត់ផងដែរ។

បន្ថែមពីលើនេះទៀត ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ចំពោះគ្រូពេទ្យទាំងអស់ ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីព្យាបាលអ្នកជំងឺ ទោះក្នុងកម្រិតណាក៏ដោយ និងផ្តាំផ្ញើដល់គ្រូពេទ្យ សូមមេត្តាកុំប្រើសំដីមិនសមរម្យដល់អ្នកជំងឺ ឬគ្រួសារអ្នកជំងឺ ដែលនាំឲ្យពួកគាត់មានការមិនសប្បាយចិត្ត ការប្រើប្រាស់ទង្វើល្អ កាយវិការល្អ ពាក្យសំដីល្អៗ របស់លោកគ្រូ-អ្នកគ្រូ ជាឱសថយ៉ាងពូកែផ្នែកផ្លូវចិត្តផងដែរ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តមនិងសហការី បានបន្តដំណើរបន្តទៀត ចុះសាកសួរសុខទុក្ខកុមារកំព្រា នៅមណ្ឌលបុរីកុមារ ដោយមានមតិផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ ស្តាប់ការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា និងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ត្រូវគោរពច្បាប់ចរារណ៍ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកសាងជីវិតរបស់ខ្លួន ប្រកបដោយសមត្ថភាព ចំណេះដឹង អភិវឌ្ឍខ្លួនឲ្យបានថ្លែថ្នូររុងរឿងល្អប្រសើរ ព្រោះថាចំណេះវិជ្ជា គឺជាធនធានរបស់ខ្លួនយើង ដើម្បីស្វែងរកការងារធ្វើ ទទួលបានជោគជ័យក្នុងជីវិត។
ជាចុងក្រោយឯកឧត្តម បានថ្លែងអំណរគុណដល់ម៉ែដោះដែលបានជួយបីបាច់ថែរក្សា និងស្រលាញ់ក្មួយៗ ដូចជាកូនបង្កើតរបស់ខ្លួន ជាពិសេស ក្មួយៗមិនឯកោទេ ដោយមានការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត និងមន្ទីរផងដែរ៕

សូមបញ្ជាក់ផងដែរ នៅក្នុងឱកាសដែលឯកឧត្តម ចុះទៅសួរសុខទុក្ខ អ្នកជំងឺនៅមន្ទីពេទ្យខេត្ត និងមណ្ឌលបុរីកុមារខេត្ត បាននាំសម្ភារៈមួយចំនួនដូចជា សៀវភៅ ក្រមា មី ដោះគោឆៅ នំ និងថវិកាមួយចំនួនចែកជូនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here