កុំថាសមត្ថកិច្ចមិនដឹង! ប្រពន្ធសម្លាប់ប្តី ទុកឱ្យធ្វើបុណ្យសពប្ដីសិន ទើបចាប់ខ្លួន

0
43

(ព្រះវិហារ)៖ ស្រ្តីជាប្រពន្ធម្នាក់ ខឹងប្ដីស្រវឹងវាយធ្វើបាបពេក លុះឃើញឱកាសស្ងាត់ ក៏ទាញដំបងឈើគ្រញូងវាយសម្លាប់ប្ដី ដើម្បីសងសឹកវិញ តែសមត្ថកិច្ចធ្វើមិនឱ្យជនសង្ស័យដឹងខ្លួន ដោយទុកឱកាសឱ្យជនសង្ស័យធ្វើបុណ្យឱ្យប្តីចប់សព្វគ្រប់សិន ទើបចាប់ខ្លួននៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០២០ នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ។

ស្រីជាជនសង្ស័យឈ្មោះ វិន សែន អាយុ៣១ឆ្នាំ។ ចំណែកជនរងគ្រោះជាប្តីមានឈ្មោះ ឆេន ធីម អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។

កាលពីវេលាម៉ោង០៨៖៤០នាទីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត មានករណីឃាតកម្មមួយកើតឡើង បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយត្រូវជនសង្ស័យយកដំបងឈើគ្រញូងវាយទៅលើជនរងគ្រោះត្រូវចំចិញ្ចើម បាក់ថ្គាម និងបាក់ដងកាំបិតខាងស្តាំ។

ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយបានកំណត់មុខសញ្ញាឃាតករ គឺស្ត្រីជាប្រពន្ធជាអ្នកសម្លាប់ តែសមត្ថកិច្ចធ្វើមិនឱ្យជនសង្ស័យដឹងខ្លួនឡើយ ដោយទុកឱកាសឱ្យជនសង្ស័យបានធ្វើបុណ្យឱ្យប្តីចប់សព្វគ្រប់សិន។

ក្រោយបញ្ចុះសពប្តីរួច សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់ខ្លួនស្ត្រីជាប្រពន្ធភ្លាមៗ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីពិតប្រាកដមែន មូលហេតុដោយសារខឹងប្តីតែងតែផឹកស្រាស្រវឹង និងប្រើអំពើហិង្សាមកលើខ្លួនជាច្រើនលើកមកហើយ រហូតធ្វើឱ្យខ្លួនមានការគំនុំ ថាថ្ងៃណាមួយនឹងសម្លាប់ប្តី ដើម្បីសងសឹកឱ្យបាន។

ស្ត្រីជាជនដៃដល់ និងវត្ថុតាង ត្រូវបានកងរាជអាវុធហត្ដស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here