ជនជាតិវៀតណាម ២៥នាក់ត្រូវបានឃាត់ខ្លួនពីបទស្នាក់នៅខុសច្បាប់

50

ជនជាតិវៀតណាម ២៥នាក់ដែលចូលមកធ្វើការតាមហាងកាត់សក់ និងម៉ាស្សានៅភ្នំពេញ ត្រូវបានអាជ្ញាធរ​អនុវត្ត​ច្បាប់​ចុះឃាត់ខ្លួនតាម ពីបទស្នាក់នៅ និង​ធ្វើការដោយគ្មានឯកសារត្រឹមត្រូវ។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅ​​ថ្ងៃ​ទី​២៦​ ខែមករាម្សិលមិញ​​ អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​៧​មក​រា សហការ​ចុះដកហូត​ឯកសារ​មិន​ប្រក្រតីពី​ជនជាតិ​វៀតណាម​ចំនួន​០៥​នាក់​(​ស្រី​០១​នាក់​)​​ និង​បញ្ជូន​មក​ ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ផែន​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​។​

ដោយឡែកជនជាតិវៀតណាម ២០នាក់​ផ្សេងទៀត ត្រូវបានស្នងការដ្ឋាននគរ​បាល​រាជធានីភ្នំពេញ និង​ព្រះរាអាជ្ញា​រង​​នៃ​អយ្យការអមសាលាដំបូងលោក សៀង សុខ ​និង ចុះអនុវត្តដីការត្រួត​ឃាត់​ខ្លួន​នៅតាម​ហាងកាត់សក់ និង​ម៉ាស្សា​មួយចំនួននៅក្បែរផ្សារធំថ្មី ខណ្ឌដូនពេញ។

ជនជាតិវៀតណាមទាំង ២០នាក់ដែលមាន ស្រី១៧នាក់នោះត្រូវបានរកឃើញថាលួចចូលមកស្នាក់នៅ និង​ប្រមុខ​របរ​ខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន។

តាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថា​បច្ចុប្បន្ន​ ​ជនជាតិវៀតណាមទាំងនោះ ត្រូវបានបញ្ជូន​ទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងបន្តនីតិវិធី៕