«សមិទ្ធផលឆ្នាំ២០២០ បញ្ហាប្រឈម និងទិសដៅការងារ ឆ្នាំ២០២១ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន»

0
44

ភ្នំពេញ៖នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ រៀបចំឡើងនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អញ្ជើញធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលឆ្នាំ២០២០ បញ្ហាប្រឈម និងទិសដៅការងារ ឆ្នាំ២០២១។

នៅឆ្នាំ២០២០នេះ ឈរលើបេសកកម្ម និងគោលដៅរបស់ខ្លួន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានបំពេញការងារ និងសម្រេចបានលទ្ធផលចម្បងៗ មានដូចជា ១.ការងាររៀបចំ និងគ្រប់គ្រងសហគមន៍មូលដ្ឋាន ២.បានរៀបចំកិច្ចប្រជុំ និងបណ្តុះបណ្តាលបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ចំនួន ៤ដងក្នុងមួយឆ្នាំ ៣.គម្រោងលើកកម្ពស់ជីវភាពសហគមន៍ ៤.គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ៥.សហគមន៍ទេសចរណ៍ធម្មជាតិ ៦.សហគមន៍ទេសចរណ៍ធម្មជាតិ ៧.ឯកសារផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្ត និងឯកសារបណ្តុះបណ្តាល ៨.ការងារតំបន់បេតិកភណ្ឌធម្មជាតិ និង៩.កិច្ចសហប្រតិបត្តិការ។

ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវបេសកកម្ម និងគោលដៅរបស់ខ្លួន អ.ច.ព.ប បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ ពាក់ព័ន្ធនឹង ១.សមត្ថភាព និងលទ្ធភាពនៃគណៈកម្មការបណ្តាញសហគមន៍នៅមានកម្រិត ២.សហគមន៍មិនទាន់មានទីតាំងត្រឹមត្រូវ ៣.សហគមន៍មួយចំនួនមិនទាន់បានធ្វើបច្ចុប្បន្នភាព ៤.ក្រុមប្រឹក្សាឃុំមិនទាន់បានដាក់បញ្ចូលការងារសហគមន៍ទៅក្នុងកម្មវិធីអភិវឌ្ឍន៍ និងវិនិយោគឃុំសង្កាត់ ៥.សមត្ថភាព និងលទ្ធភាពរបស់មន្ត្រីនៅមានកម្រិត ៦.មន្ត្រីមិនទាន់មួយចំនួនបានអនុវត្តការងារជាប្រព័ន្ធ និងយុទ្ធសាស្ត្រ ៧.កិច្ចសហការ រវាងអាជ្ញាធរដែនដី និងស្ថាប័នជំនាញ ជាមួយសហគមន៍នៅមិនទាន់មានភាពរលូន ៨.ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទេសចរណ៍ធម្មជាតិនៅមានកម្រិត និង៩.ការយល់ដឹងរបស់ភ្ញៀវទេសចរណ៍លើការប្រើប្រាស់ថង់ប្លាស្ទីក សំណល់រឹងរាវ និងការបំពុលបរិស្ថាន។

នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នឹងបន្តអនុវត្ត និងដាក់ចេញនូវទិសដៅការងារបន្ត រួមមាន (១)រៀបចំស្នើសុំកញ្ចប់ថវិកាទៅរាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការរបស់បណ្តាញ និងទីស្នាក់ការសហគមន៍ (២)បន្តរៀបចំវគ្គបណ្តុះបណ្តាលដល់គណៈកម្មការបណ្តាញសហគមន៍ (៣)រៀបចំវគ្កបណ្តុះបណ្តាលសម្រាប់មន្ត្រីពាក់ព័ន្ធ (៤)បង្កើនយន្តការក្រុមការងារជីវភាពសហគមន៍ (៥)បង្កើននិងពង្រឹងកិច្ចសហការជាមួយស្ថាប័នរដ្ឋជំនាញ និងដៃគូអភិវឌ្ឍន៍ (៦)សម្របសម្រួលនិងពង្រឹងកិច្ចសហការជាមួយវិស័យឯកជន (៧)ជំរុញអនុវត្តទេសចរណ៍ខ្នាតតូច និងសហគមន៍ទេសចរណ៍ (៨)បង្កើតនិងអនុវត្តយន្តការត្រួតពិនិត្យការអនុវត្តគម្រោងទេសចរណ៍ខ្នាតតូច និងសហគមន៍ទេសចរណ៍ (៩)ជំរុញការសិក្សាស្រាវជ្រាវ និងដាក់បញ្ចូលទីតាំងបេតិកភណ្ឌសម្រាប់ជាទិសដៅថ្មីនិងជម្រើសរបស់ភ្ញៀវទេសចរណ៍ និង(១០)ចងក្រង និងផ្សព្វផ្សាយព័ត៌មានស្តីពីរបៀងទេសចរណ៍ធម្មជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here