
———–
បាត់ដំបង);;នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២០នេះអាវុធធុនAK47ចំនួន០២ដើម មានបង់និងគ្រាប់កាំភ្លើងផង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងពេលដែលគាត់កាប់គាស់ដីក្នុងចំការស្ថិតនៅក្រុមទី០៩ភូមិកញ្ចាំងឃុំស៊ុង ស្រុក សំឡូត ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានបញ្ជាក់នៅក្នុង សេចក្តីរាយការណ៍ថា អាវុធទាំងពីរដើមនេះត្រូវបានប្រជាពលរដ្ឋឈ្មោះ ទឹម សារិន ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានប្រទះឃើញក្នុងខណៈដែលគាត់កាប់គាស់កាយដីនៅក្នុងចំការរបស់គាត់បង្កបង្កើនផល ។
លោកអធិការបន្តថា ក្នុងពេលប្រទះឃើញនេះស្ថានភាពអាវុធមានលក្ខណៈច្រេះចាប់បាត់បង់គុណភាពស្ទើរទាំងស្រុងទៅហើយបើទោះបីជាពិនិត្យទៅឃើញមានការរុំវេចខ្ចប់នៅពេលកប់លាក់ទុកយ៉ាងណាក្តី លោកបញ្ជាក់ថាតាមប្រភពព័ត៌មានអាវុធទាំងនេះអាចមានការលាក់ទុកតាំងពីសម័យសង្រ្គាមមកម្លេះ នៅក្នុងមូលដ្ឋានស្រុកសំឡូតនេះ ក្រៅពីអាវុធក៏មានយុទ្ធភ័ណ្ឌផ្សេងៗទៀត ពិសេសគ្រប់ម៉ីនបង្កប់នៅក្នុងដីក៏មានច្រើនណាស់ដែរហើយយូរៗម្តងប្រជាពលរដ្ឋអាចប្រទះឃើញក្នុងករណីគាត់ជីកកាប់គាស់ដីធ្វើចំការឬបង្កបង្កើតផល។ ទោះជាយ៉ាងនេះក្តីលោកអធិការបានសំណូមពរដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននេះ សូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ចនគរបាលដែលនៅជិតបំផុតឬអាជ្ញាធរពាក់ព័ន្ធ ក្នុងករណីប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះសូមកុំប៉ះពាល់ ព្រោះវាអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ។
នៅពេល នេះអាវុធទាំងពីរដើមត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករួចហើយ៕
