សមត្ថកិច្ចឃាត់ខ្លួនវៀតណាម ១៩នាក់ករណីស្នាក់នៅ និងធ្វើការខុសច្បាប់

45

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ១៩ នាក់ដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តតាមច្បាប់ ករណីចូលរស់នៅ និង ធ្វើការខុសច្បាប់។

បើតាមការចុះផ្សាយរបស់អគ្គស្នងការ នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១០​និង​០០​នាទី​ ​កម្លាំង​សមត្ថចម្រុះ​​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ និង​ខណ្ឌដូនពេញ​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​លួច​ឆ្លង​ដែន ​និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ចំនួន​៣​ទីតាំង​ផ្សេងគ្នា ប្រមូលបានជនជាតិវៀតណាម ១៩នាក់។

តាមការចុះផ្សាយដដែលបន្តថាសមត្ថកិច្ចបានចុះពិនិត្យ សិប្បកម្ម​ផលិត​ដែក​ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៥​ សង្កាត់​ច្រាំង​ចំ​រះ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ ជា​លទ្ធផល​ ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​០៤​នាក់​ប្រុស​ គ្មាន​លិខិតឆ្លងដែន​ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

ទីតាំងទី ២ គឺហាង​កាហ្វេ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ ជា​លទ្ធផល​៖​ ពិនិត្យ​ ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​០៨​នាក់​ (​ស្រី​០៣​នាក់​)​ គ្មាន​ លិខិតឆ្លងដែន​ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

និងមួយទីតាំងទៀតគឺ​ហាង​ម៉ាស្សា​ ផ្លូវ​លេខ​៨០​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ជា​លទ្ធផល​៖​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​០៧​នាក់​ស្រី​ គ្មាន​ លិខិតឆ្លងដែន​ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ ប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

តាមការចុះផ្សាយដដែលការប្រត្តិបត្តការនេះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ សរុប​ទាំង​០៣​គោលដៅ​ ស្មើរ​១៩​នាក់​ (​ស្រី​១០​នាក់​)៕