
(កំពង់ធំ)៖ អាណោចអាធ័មណាស់ស្ត្រីចំណាស់ម្នាក់ដើរទៅឃ្វាលក្របីស្រាប់តែរអិលជើងធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦ និង ១០ នាទីថ្ងៃសុក្រ ៥ កើតខែមិគសិរ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុស្សតាអុល ភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សពជនរងគ្រោះឈ្មោះ អ៊ុក ឡៃ ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះ ភី ភាន់ ភេទ ៗប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ-ឃុំ ជាមួយគ្នាអោយដឹងថា៖ ឈ្មោះ អ៊ុក ឡៃ បានទៅឃ្វាលក្របី នៅចំណុចខាងលើ លុះដល់ម៉ោងប្រហែល ១៦:១០នាទី ខ្លួនបានរត់ទៅដេញក្របីចំងាយពី ជនរងគ្រោះ១០០ម៉ែត្រ ពេលនោះឈ្មោះ គាំង ឈុនអេង ភេទស្រី អាយុ ១២ឆ្នាំ នៅជាមួយគាត់ បានស្រែក ហៅខ្លួនថា យាយឡៃលង់ទឹកហើយ ពេលនោះខ្លួនបានរត់ទៅដល់ ឃើញមនុស្ស ២នាក់ ចុុះរាវក្នុងទឹក តែរកមិនទាន់ឃើញ ខ្លួនបានចុះជួយរាវ ហើយក៏ឃើញគាត់រួចស្រង់ឡើងលើគោកហើយកូនចៅរបស់គាត់យកមកផ្ទះបាត់ទៅ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យកន្លែងកើតហេតុនិងសព តាមការពិនិត្យសមត្ថកិច្ចជំនាញយើងមិនឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធករណីឃាតកម្មឡើយ។
ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ អ៊ុក ឡៃ ស្លាប់ដោយសារលង់ទឹក។
មូលហេតុ : ជនរងគ្រោះជនរងគ្រោះដើរទៅឃ្វាលក្របីរអិលជើងធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង ។
ក្រោយពីពិនិត្យចប់សព្វគ្រប់រួចហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
