សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២

0
26

កំពង់ចាម);;សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីបិទ «វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល» ជំនាន់ទី១៤ លើកទី២ ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីឯកឧត្ដម នាយឧត្តមសេនីយ៍ គណៈគ្រប់គ្រងសាលា គ្រូនគរបាលជាតិ មន្ត្រី និងសិស្សនគរបាល ជ័យលាភី ២០៣នាក់ ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្នុងយុគសម័យទំនើបនេះ នគរបាល មិនអាចបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ដោយគ្មានការឆ្លងកាត់ ការអប់រំបណ្ដុះបណ្ដាលនោះទេ ។ ការអប់រំបណ្តុះបណ្ដាល ពិតជាដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសមត្ថភាព និងកសាងធនធានមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងដែនសមត្ថកិច្ចខេត្ត មានភារកិច្ចសំខាន់ៗ ក្នុងការដឹកនាំបញ្ជាលើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងធានាឱ្យមានការអនុវត្ដច្បាប់ ប្រកបដោយប្រសិទ្ធភាព ព្រមទាំង ធានាឱ្យមានការការពារ និងគោរពសិទ្ធិមនុស្ស ចំពោះ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត។

ឯកឧត្តមអភិបាល ខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណ ទៅដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលមន្រ្តីនគរបាលជាតិ ឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាព និងមានសមត្ថភាព ប្រកប ដោយវិជ្ជាជីវៈពេញលេញ ដើម្បីបំពេញភារកិច្ចជូនអង្គភាព ប្រកបដោយប្រសិទ្ធភាព ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកែទម្រង់កងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់ប្អូនៗសិស្សនគរបាល ដែលខិតខំសិក្សា រហូតទទួលបានលទ្ធផលជោគជ័យ នាពេលនេះ ផងដែរ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពី វឌ្ឍនភាព កិត្យានុភាព និងឧត្តមភាព របស់បណ្ឌិត្យសភា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបានជោគជ័យ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ជាបន្តបន្ទាប់ តាមរយៈ ការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់ ផ្អែកលើកផែនការយុទ្ធសាស្ត្រ បទប្បញ្ញត្តិនានា កម្មវិធិកំណែទម្រង់ ការប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង ៦ របស់ខ្លួន គឺ ៖ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងនវានុវត្តន៍ ក្រោមទិសស្លោក «យើងរួមគ្នា កសាងវប្បធម៌គុណភាព» ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានបណ្ឌិតសភានគរបាលកម្ពុជា ក៏បានផ្តាំផ្ញើ ដល់គណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ ២ ឲ្យខិតខំបំពេញភារកិច្ច ដើម្បី ទទួលបានជោគជ័យបន្ថែមទៀត តាមផែនការកំណត់ ។ ក្រៅពីនោះ ក៏សូមឲ្យសិស្សជ័យលាភីទាំងអស់ យកចំណេះដឹង និងជំនាញ ដែលបានសិក្សាកន្លងមក ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់សង្គម និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស ត្រូវមានអាកប្បកិរិយាល្អ មានស្មារតីទទួលខុសត្រូវ និងគោរពប្រតិបត្តិច្បាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here