ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញ ចែកស្រូវពូជដល់ប្រជាពលរដ្ឋចំនួន៨៣០គ្រួសារ មកពីស្រុកបារាយណ៍ និងស្រុកសន្ទុក

0
19

កំពង់ធំ៖ ឯកឧត្តមនាយឧត្តមសេនីយ៏ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេសនិងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលនិងចែកស្រូវពូជជូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញដែលបន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅចំនួន ៨៣០គ្រួសារ មកពីស្រុកចំនួនពីរគឺស្រុកសន្ទុក និងស្រុកបារាយណ៍ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅទីតាំងវត្តសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាដល់ក្រសួងមុខព្រួញសំខាន់ៗចំនួន៣ រួមមាន ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ ជនបទ ត្រូវធ្វើសកម្មភាពព្រមៗគ្នាក្នុងការចែកពូជស្រូវ ចែកពូជដំណាំ ជួសជុលប្រព័ន្ធ ធារាសាស្ត្រ ប្រឡាយទឹក និងផ្លូវនៅតាមទីជនបទជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ដថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់ លើការ ស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញ ព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហា ស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញនោះ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានអំពាវនាវបន្ថែមទៅដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសនៅក្នុងខេត្តរងការជន់លិចឱ្យបង្កើនការយកចិត្តទុកដាក់និងជួយអន្តរាគមន៍ដល់ការដាំដុះរបស់ប្រជាកសិករ ជាពិសេសសំណូមពរដល់ប្រជាកសិករទាំងអស់ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញអោយបានទាន់រដូវ ដើម្បីលើកស្ទួយជីវភាពរស់នៅអោយបានប្រសើរឡើង។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍អោយដឹងថាគិតមកត្រឹមពេលនេះទឹកជំនន់បានធ្វើអោយខេត្តកំពង់ធំរងនូវការប៉ះពាល់ដល់ដំណាំស្រូវលើផ្ទៃដីស្រូវចំនួន ១៨ ៨៥០ហិកតា និងខូចខាតទាំងស្រុងចំនួន ១០ ៣៣៥ហិកតា ស្មើនឹង១២ ៣៦៥គ្រួសារ និងដំណាំបន្លែរួមផ្សំលើផ្ទៃដីចំនួន ៣៤២ហិកតា។ ប៉ុន្តែគ្រួសារដាំដំណាំស្រូវ ដែលអាចស្តារឡើងវិញ ដោយមានប្រភពទឹកស្រោចស្រពចំនួន ៨ ២៥១ហិកតា ស្មើនឹងចំនួន ៧ ៤៨០ គ្រួសារ និងអាចធ្វើការស្តាឡើងវិញបាន។ ម្យ៉ាងវិញទៀត ចំពោះស្រុកសន្ទុក ផ្ទៃដីដំណាំស្រូវមានចំនួន ៦៦៧ ហិកតា ស្មើនឹង ៨០៩គ្រួសារ និងស្រុកបារាយណ៍ ផ្ទៃដីដំណាំងស្រូវចំនួន ២៦ ហិកតា ស្មើនឹង ២១ គ្រួសារ ដែលត្រូវការស្រូវពូជចំនួន ៨៣ តោន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ រដ្ឋបាលខេត្ត បានធ្វើការចែកពូជស្រូវជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលមានលទ្ធភាពក្នុងស្តារឡើងវិញនេះសរុប មានចំនួន ៨.២៥១ហិកតា ស្មើនឹង៧.៤៨០គ្រួសារ ។

ជាមួយគ្នានោះដែរ សម្រាប់ប្រជាកសិកររងគ្រោះដែលកំពុងស្តារការដាំដុះស្រូវឡើងវិញបានសម្តែង ការរីករាយជាខ្លាំង ចំពោះការយកចិត្តទុកដាក់ អំពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្តល់ពូជស្រូវដែលមានដំណុះល្អជូនពួកគាត់បានទាន់ពេលវេលា។ ចំណែកឯពូជស្រូវដែលចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតដោយទឹកជំនន់នៅពេលនេះមាន១គ្រួសារទទួលបានពូជស្រូវចំនួន១០០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here